ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ខេត្តកោះកុង សាងសង់សម្រេចបាន ៥៤,៨៩%ហើយ គិតត្រឹមចុងឆ្នាំ២០២១
ខេត្តកោះកុង៖ លោកអគ្គនាយករង ស្រេង ស្រស់ តំណាងអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាពអនុវត្ត គម្រោង(PIU) និងលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ កាលពីចុងសប្តាហ៍កន្លងទៅ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពនៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដោយមានការចូលរួមអមដំណើរពីមន្ត្រីជំនាញ និងថ្នាក់ដឹកនាំក្រុមហ៊ុន ដែលប្រចាំការនៅការដ្ឋានផ្លូវដ៏វែងឆ្លងកាត់ព្រៃព្រឹក្សាដ៏ស្រស់បំព្រងនេះ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យការសាងសង់ស្របតាមស្តង់ដាបច្ចេកទេសប្រកប ដោយគុណភាពបានរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ក៏ដូចជាក្នុងគោលបំណងដើម្បីផលិត ព័ត៌មានទុកជាឯកសារអំពីផ្លូវនេះនៅមុន និងក្រោយពេលការស្ថាបនាសំដៅធ្វើការប្រៀបធៀប និងស្វែង យល់អំពីលក្ខណៈបច្ចេកទេស ការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្នុងការសាងសង់ និងឆ្លុះបញ្ចាំងអំពី ការយកចិត្តទុកដាក់លើការងារបច្ចេកទេសផងដែរ។
សូមជម្រាបថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៥១៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ខេត្តកោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិត ចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង២ ៩២៤,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ហើយគិតត្រឹមចុងឆ្នាំ ២០២១ គម្រោងនេះសម្រេចវឌ្ឍនភាពការងារជារួមបាន៥៤,៨៩%ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។