លោក ម៉ូ​ន ចេ​អ៊ី​ន ខិតខំ​ស្វេ​ង​រក​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កូរ៉េខាងត្បូង មុនពេល​បញ្ចប់​អាណត្តិ​

​កិច្ចព្រមព្រៀង​សន្តិភាព គឺជា​គោល​ដំ​បំណង​ធំ​បំផុត​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ដើម្បី​បញ្ចប់សង្គ្រាម​ឧបទ្វីប​កូរ៉េ ដែល​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ​១៩៥០ និង​បញ្ចប់ទៅ​នៅ​ឆ្នាំ​១៩៥៣ ដោយ​កិច្ចព្រមព្រៀង​ឈប់​បាញ់​។ ទាំងនោះ​ហើយ​បានជា​កូរ៉េ​ទាំងពីរ​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​សង្គ្រាម​នៅឡើយ​ទេ​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៉ី​ន នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​សន្យាថា នឹង​ប្រើប្រាស​ឱកាស​ចុងក្រោយ​នៅសល់​ប៉ុន្មាន​ខែ​ទៀត​នេះ ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កូរ៉េខាងជើង បើទោះជា​ទីក្រុង​ព្យុងយ៉ាង​បន្ត​មិន​អើពើ​ក៏ដោយ​។​

​ការសន្យា​ខាងលើ​ធ្វើឡើង​នៅក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី ដែល​ត្រូវជា​លើកចុងក្រោយ​របស់លោក មូ​ន ចែ​អ៉ី​ន មុននឹង​អាណត្តិ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​រយៈពេល ៥​ឆ្នាំ​របស់លោក ត្រូវ​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​២០២២​នេះ​។ លោក មូ​ន ថ្លែង​នាឱកាស​នោះ​ថា «​រដ្ឋាភិបាល​នឹង​បន្ត​រក្សា​ទំនាកទំនង​អន្តរ​កូរ៉េ​ជា​ប្រក្រតី និង​មិន​កែប្រែ​ឡើយ​នូវ​ជំហាន​ឆ្ពោះទៅរក​សន្តិភាព រហូតដល់​ទីបញ្ចប់​… ហើយក៏​ខ្ញុំ​សង្ឃឹមថា កិច្ចខិតខំ​ប្រឹងប្រែង​សម្រាប់​កិច្ចសន្ទនា នឹង​នៅតែ​បន្ត​នៅក្រោម​រដ្ឋបាល​ថ្មី​»​។​

​នៅក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​, មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន មិនបាន​លើកឡើង​ពី​ការអំពាវនាវ​របស់លោក មូ​ន ចែ​អ៉ី​ន ក្នុងការ​ស្វែងរក​សន្តិ​ភាព​បិទ​បញ្ចប់សង្គ្រាម​កូរ៉េ (​ឆ្នាំ​១៩៥០-១៩៥៣) ទាំងស្រុង ឬក៏​ចេតនា​ចង់​ចូលរួម​ក្នុង​កិច្ចចរចា​នុយក្លេអ៊ែរ​ជាថ្មី​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ​។ មកទល់នឹង​ពេលនេះ ជា​លក្ខណៈ​បច្ចេកទេស កូរ៉េខាងជើង និង​កូរ៉េខាងត្បូង នៅតែ​បន្ត​ស្ថិតនៅក្នុង​ស្ថានភាព​សង្គ្រាម​ដដែល ដ្បិត​សង្គ្រាម​កូរ៉េ​បាន​បិទ​បញ្ចប់ទៅ​នៅក្រោម «​បទ​ឈប់​បាញ់​» មួយ​តែប៉ុណ្ណោះ ពោលគឺ​មិនមែនជា​សន្ធិសញ្ញា​សន្តិភាព​ឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close