ផលិតផល​ក្លែងក្លាយ អន់​គុណភាព និង​ខុសច្បាប់​ជាង ៧០​តោន ត្រូវបាន​បំផ្លាញចោល

​ភ្នំពេញ​៖ ប្រតិបត្តិ​ការបង្ក្រាប​ផលិតផល​ក្លែងក្លាយ បង្ការ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខុសច្បាប់ ពាក់ព័ន្ធ​ផលិតផល​វេជ្ជសាស្ត្រ ក្លែងក្លាយ អន់​គុណភាព គ្មាន​ស្តង់ដារ និង​ខុសច្បាប់ ជាង ៧២​តោន ត្រូវបាន​បង្ក្រាប​ក្នុង​ឆ្នាំ​២០២១ និង​ត្រូវបាន​យកទៅ​បំផ្លាញចោល​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២។​

​ក្នុង​របាយការណ៍​បាន​បញ្ជាក់ថា ផលិតផល​ទាំង​ជាង ៧២​តោន​នោះ បានធ្វើការ​បង្ក្រាប​ចំនួន ២៧​ករណី (​បាន​រឹបអូស​បំផ្លាញចោល​លើក​ទី​១ ចំនួន​ជាង ៧០​តោន​) ដូចជា បរិក្ខា​ពេទ្យ​ក្លែងក្លាយ (​អាល់កុល និង​ម៉ាស់​) ផលិតផល​វេជ្ជសាស្ត្រ​, ស្រោមដៃ​ក្លែងក្លាយ​, ឧបករណ៍​តេស​កូ​វីដ​, ឱសថ​កូ​វីដ និង​គ្រឿង​បរិក្ខា​ពេទ្យ​ជាច្រើន​ទៀត​។​

​ទន្ទឹមនឹងនេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏បាន​អំពាវនាវ​ដល់ ពាណិជ្ជករ អាជីវករ និង​ពលរដ្ឋ​ទាំងអស់ ត្រូវ​លក់ និង​ចែកចាយ​ផលិតផល​ណា​ដែលមាន​គុណភាព និង​មាន​ចុះបញ្ជី​ការត្រឹមត្រូវ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close