អាមេរិក​រកឃើញ​ករ​ណី​ឆ្លង​កូ​វីដ​១៩ ជិត ២​សែន​នាក់ ក្នុងនោះ​មាន​រដ្ឋមន្ត្រី​ការពារជាតិ​លោក​Lloyd Austin

នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប​រហូតដល់​ទៅ ១៨៥,១២២​នាក់​ទៀត បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ១៦២​នាក់ បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៥៦,១៤២,១៧៥​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៨៤៧,៤០៨​នាក់ និង​ជាសះស្បើយ​ឡើង​សរុប​ជាង ៤១.៥៤​លាន​នាក់​។​

​ក្នុងចំណោម​ករណី​ឆ្លង​កូ​វីដ ១៩ ថ្មី​គឺមាន​រដ្ឋមន្ត្រី​ការពារជាតិ លោក Lloyd Austin ។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ក្រោយ​លោក​ចេញ​អការ​បន្ទាប់ពី​ឈប់សម្រាក​វិសមកាល ។ តាម​សារព័ត៌មាន​រ៉​យ​ទ័​រ លោក Lloyd Austin បានធ្វើ​តេស្ត​នៅ​ថ្ងៃទី ២​ខែមករា (​ពេលវេលា​អាមេរិក​) ក្រោយ​លោក​ចេញ​អការ​ដូច​កូ​វីដ​១៩ ហើយ​លទ្ធផល​ពិតជា​ឆ្លង​ម៉ែន​។​

​រដ្ឋមន្ត្រី​ការពារជាតិ Lloyd Austin បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន ពីរ​ដូ​ស​ហើយ​ថែមទាំង​ដូ​ស​ជំរុញ​ទៀតផង​។ លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចុងក្រោយបង្អស់​នៅ​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២១ គឺ​មុន​១​សប្តាហ៍​មុនពេល​លោក Lloyd Austin​ចេញ​អកា​រៈ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក Austin ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​អាច​នឹងចូលរួម​កិច្ច​តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅក្នុង​សប្តាហ៍​ថ្មី​នេះ ទៅតាម​កម្រិត​ដែល​លោក​អាចធ្វើ​ទៅបាន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​ជូនដំណឹង​អំពី​ការធ្វើ​តេស្ត​វិជ្ជមាន​របស់ខ្ញុំ ទៅកាន់​ថ្នាក់ដឹកនាំ ក៏ដូចជា​លោក​ប្រធានាធិបតី​ចូ បៃ​ដិ​ន​រួចរាល់​ហើយ​។ បុគ្គលិក​របស់ខ្ញុំ បានចាប់ផ្តើម​ទទួល​ការធ្វើ​តេស្ត ហើយ​អ្នក​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ខ្ញុំ នៅ​អំ​ឡុ​ហ​ពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើតេស្ត​ដូចគ្នា​»​។​

​លោក Austin នៅតែ​ឆ្លៀត​ពេលនេះ ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកកាំង ប្រញាប់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង «​ដូ​ស​ជំរុញ​» នៅពេល​ពួកគេ​គ្រប់​លក្ខខណ្ឌ​ដែល​ត្រូវ​ចាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close