ដើម​ពោធិ៍ ជ្រៃ និង​រុក្ខជាតិ​ធំៗ​មួយចំនួនទៀត​ដុះ​លូតលាស់​លឿន​នៅតាម​ប្រាសាទ​បាន​បង្ក​ហានិភ័យ​ដល់​ប្រាសាទ​

​ក្រុមការងារ​កាត់​សម្អាត​រុក្ខជាតិ​លើ​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ តែងតែបាន​កាត់​សម្អាត​រុក្ខជាតិ​តូចធំ​ជាប្រចាំ​ថ្ងៃ​ទៅតាម​ផែនការ​គ្រោងទុក​ដែល​បានរៀបចំ​ឡើង​តាម​ស្ថានភាព​ជាក់ស្តែង​ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​ផ្សេងៗ​បង្កឡើង​ដោយ​រុក្ខជាតិ​ទាំងនោះ​។​

​លោក ងិន ធី អ្នកទទួលបន្ទុក​ការសម្អាត​រុក្ខជាតិ​តាម​ប្រាសាទ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា ក្នុងចំណោម​រុក្ខជាតិ​ទាំងអស់​ដែល​ដុះ​នៅលើ​ប្រាសាទ​មាន​រុក្ខជាតិ​ប្រភេទ​ធំៗ​មួយចំនួន​ដូចជា ដើម​ពោធិ៍ ជ្រៃ ស្ពង់ ដុះ​ជាប់​ជាប្រចាំ​មិន​ថា រដូវប្រាំង​ឬ​វស្សា​ឡើយ ហើយ​រុក្ខជាតិ​ទាំងនោះ​ងាយ​នឹង​ដុះ​លូតលាស់​លឿន​ដែល​ធ្វើឱ្យ​ក្រុមការងារ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​កាត់​សម្អាត​ជាប្រចាំ ពោល គឺ​ក្នុង​រយៈពេល​១​ខែ​កន្លះ​ឬ​២​ខែ​ត្រូវ​មក​កាត់​សម្អាត​ម្តង​មិន​ដូច​រុក្ខជាតិ​ប្រភេទ​ស្មៅ​ឡើយ​។ ការធ្វើ​បែបនេះ ដើម្បី​លើកកម្ពស់​អនាម័យ​សោភ័ណភាព និង​ចៀសវាង​ធ្វើឱ្យ​ថ្ម​ប្រាសាទ​ក្រៀក​ឬ​រលុះ​នៅពេល​រុក្ខជាតិ​ដុះ​កាន់តែ​ធំ​។

​មូលហេតុ​ដែលនាំឱ្យ​រុក្ខជាតិ​ទាំង​នោះមក​ដុះ​នៅលើ​ប្រាសាទ​បាន ដោយសារ​កត្តា ខ្យល់​បក់​នាំ​គ្រាប់​មក​ទើ​លើ​ល្បាក់​ថ្ម និង​សត្វ​ស្លាប តែងតែ​ពាំគ្រាប់​រុក្ខជាតិ​មក​ធ្វើជា​ចំណីរ​អាហារ​ជាប្រចាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close