មហាអំណាច​បរមាណូ​ទាំង​៥ ចេញ​សេចក្តីប្រកាស​មិន​ប្រើ​អាវុធ​បរមាណូ​

ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​ស្វាគមន៍​ប្រទេស ចិន រុស្ស៊ី ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​បារាំង ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយ​យល់ព្រម​ក្នុងការ​ទប់ស្កាត់​ការរីក​សាយភាយ​អាវុធ​បរមាណូ និង​ហានិភ័យ​នៃ​សង្គ្រាម​បរមាណូ​។​

​សារព័ត៌មាន Sputniknews បាន​ផ្សាយ​ថា ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក Abdulla Shahid បាន​ស្វាគមន៍​ចំពោះ​សេចក្តីថ្លែងការណ៍​រួម​កាលពី​ថ្ងៃទី ៣​ខែមករា របស់​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​បរមាណូ​។​

​សេចក្តីថ្លែងការណ៍​រួម​ប្រកាស​ដោយ​លោក​Stephane Dujarric អ្នកនាំពាក្យ​នៃ​អគ្គលេខាធិការ សហប្រជាជាតិ បាន​គូសបញ្ជាក់​នៅ​ថ្ងៃទី​៣​ខែមករា (​ពេលវេលា​នៅ​ញូយ៉ក​) ថា «​លោក​អគ្គលេខាធិការ Antonio Guterres ស្វាគមន៍​ចំពោះ​សេចក្តីថ្លែងការណ៍​រួម ដោយ​បណ្តា​រដ្ឋ​នុយក្លេអ៊ែរ ទៅលើ​ការទប់ស្កាត់​សង្គ្រាម​នុយក្លេអ៊ែរ និង​ការរត់​ប្រណាំង​សព្វាវុធ​»​។​

​បណ្ដា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង ៥ បាន​សន្យាថា នឹង​ទប់ស្កាត់​ការ​រីកសាយ​អាវុធ​នុយ​កេ្ល​អ៊ែរ និង​បញ្ចៀស​ឱ្យបាន​នូវ​រាល់​ជម្លោះ ឬ​សង្គ្រាម​នុយក្លេអ៊ែរ នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដ៏​កម្រ​មួយ ប្រឈមមុខ​នឹង​ភាព​តានតឹង​សព្វថ្ងៃ​រវាង​លោកខាងលិច និង​លោក​ខាងកើត​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ខាងលើ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង ៥ រួមមាន ចិន​, បារាំង​, រុស្ស៊ី​, ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក បានបញ្ជាក់​ដូច្នេះ​ថា «​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ការរីក​សាយ​អាវុធ​នុយក្លេអ៊ែរ ត្រូវតែ​ទប់ស្កាត់​នៅពេល​អនាគត​។ គ្មាន​នរណាម្នាក់​អាច​ឈ្នះ នៅក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​ឡើយ ហើយក៏​មិន​ត្រូវឱ្យ​សង្គ្រាម​បែបនេះ កើតឡើង​នោះដែរ​»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close