កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងបញ្ចប់ការសាងសង់ នៅចុងខែមីនា
ខេត្តកំពត៖ ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ក្នុងខេត្តកំពត មានការយឺតយ៉ាវបន្តិច ដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអាកាសធាតុ ហើយបច្ចុប្បន្នគម្រោងនេះ សម្រេចបាន ៩០ភាគរយហើយ និងគ្រោងបញ្ចប់កាសាងសង់នៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
លោក សុខ សុគុណ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានចាត់ចែងគម្រោងនេះ បានឱ្យដឹងថា ការស្ថាបនាកំពង់ផែទេសចរណ៍អន្តរជាតិក្នុតខេត្តកំពត ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព នៅក្នុងមហាអនុតំបន់មេគង្គ(GMS)។
គម្រោងនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ អនុវត្តន៍ដោយអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចុប្បន្នគម្រោងទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងក្លាយជាច្រកសមុទ្រអន្តរជាតិដ៏សំខាន់មួយ ដែលតភ្ជាប់ផ្នែកឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកម្ពុជា ពីខេត្តកំពតទៅកាន់ពិភពលោក។
សូមបញ្ជាក់ថា តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ កំពង់ផែនេះអាចមានសមត្ថភាពទទួលអ្នកដំណើរ និងអ្នកទេសចរបានប្រមាណ ១លាននាក់ ក្នុងមួយឆ្នាំ។ ម្យ៉ាងវិញទៀតកំពង់ផែនេះនឹងលើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជាបន្ថែមទៀត ជាពិសេសរមណីយដ្ឋាននានាក្នុងខេត្តកំពត និងទិសដៅតំបន់ឆ្នេរផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។