វៀតណាម រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ជាង​១​ម៉ឺន​នាក់​ទៀត និង​ស្លាប់ ២២៤​នាក់

ហាណូយ​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃ​អង្គារ​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​១៤,៨៦១​ករណី​បន្ថែមទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​សារពត៌មាន Viet Nam News នៅ​យប់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២​។​ ​ក្នុងចំណោម​ករណី​ឆ្លង​ខាងលើ មាន​៣២​ករណី​ជា​ករណី​នាំចូល ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​។

​រដ្ឋធានី​ហាណូយ​ដែល​បច្ចុប្បន្នកំពុង​ប្រែក្លាយជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ បាន​រ៉ាប់រង​សម្រាប់​ករណី​ឆ្លង​ថ្មី​ថ្ងៃនេះ​ចំនួន​២,៤៩៩​ករណី ខណៈ​ហូជីមិញ​បាន​រាយការណ៍ ចំនួន​៦៦៤​ករណី​។ ចំណែក​ខេត្ត​ដែលមាន​ករណី​ឆ្លង​ច្រើន​ដែរនោះ​គឺ​រួមមាន​ដូចជា ខេត្ត Khánh Hòa មាន​ចំនួន​៧៩៧​ករណី​, ខេត្ត Bình Định ចំនួន​៦០៨​ករណី និង​ខេត្ត Tây Ninh ចំនួន​៩១៦​ករណី​។​

​ក្នុង​របាយការណ៍​ថ្ងៃ​អង្គារ​នេះដែរ ក្រសួងសុខាភិបាល​វៀត​ណា​ម ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​២២៤​នាក់​បន្ថែមទៀត​ផងដែ​រ​។​
​សរុប​មកវិញ គិត​ត្រឹម​យប់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២​នេះ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១,៨០០,៧០៤​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ១,៤១៣,៣៨៤​នាក់ ចំណែក​អ្នកស្លាប់​សរុប​ចំនួន ៣៣,២៤៥​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close