ប្រជាជនអាមេរិក គួរតែមានការព្រួយបារម្ភ តែកុំបារម្ភអំពីវីរុសបំប្លែងថ្មី អូមីក្រុង ប្រសិនបើពួកគេចាក់វ៉ាក់សាំងរួចរាល់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគូសបញ្ជាក់ថា ប្រជាជនគួរតែមានការព្រួយបារម្ភ ប៉ុន្តែកុំព្រួយបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ប្រសិនបើពួកគេត្រូវបានចាក់វ៉ាក់សាំងបង្ការរួចរាល់ហើយនោះ។
លោក បៃដិន បានថ្លែងបែបនេះទៅកាន់ប្រជាជាតិខ្លួន មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានរាយការណ៍អំពីចំនួនខ្ពស់បំផុតអំពីករណីឆ្លងថ្មីៗប្រចាំថ្ងៃ នៃវីរុសកូវីដ១៩ រហូតដល់ជាង ១លានករណីនៅទូទាំងប្រទេស។ នៅក្នុងសុន្ទរកថាមុនពេលកិច្ចប្រជុំជាមួយក្រុមឆ្លើយតបនឹងជំងឺកូវីដ១៩របស់ខ្លួន នៅឯសេតវិមានលោក បៃដិន មានគោលបំណងបង្ហាញភាពបន្ទាន់របស់រដ្ឋបាលរបស់គាត់ ក្នុងការដោះស្រាយវីរុសបំប្លែងថ្មី អូមីក្រុង។
លោក បៃដិន បន្ថែមថា ការចាកវ៉ាក់សាំងដូសជំរុញ និងថ្នាំព្យាបាលបានកាត់បន្ថយគ្រោះថ្នាក់ សម្រាប់ប្រជាជនអាមេរិកភាគច្រើនលើសលប់ ដែលបានចាក់វ៉ាក់សាំងពេញលេញ។ លោក បៃដិន បាននិយាយអំពីអ្នកទទួលការចាក់វ៉ាក់សាំងថា អ្នកនៅតែអាចឆ្លងជំងឺកូវីដ១៩ ប៉ុន្តែវាមិនទំនងឱ្យអ្នកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ។
ប្រធានាធិបតីអាមេរិករូបបានសង្កត់ធ្ងន់ថា គ្មានលេសទេសម្រាប់អ្នកណាដែលមិនបានចាក់វ៉ាក់សាំង… វានៅតែបន្តជាជំងឺរាតត្បាតចំពោះអ្នកមិនបានចាក់វ៉ាក់សាំង។ បន្ថែមលើនេះ លោកក៏បានលើកទឹកចិត្តដល់ពលរដ្ឋអាមេរិក រួមទាំងក្មេងជំទង់ដែលទើបទទួលបានសិទ្ធិចាក់វ៉ាក់សាំងថ្មីថ្មោងពីអាយុ ១២ ទៅ ១៥ឆ្នាំ ឱ្យមកទទួលដូសជំរុញសម្រាប់ការការពារជាអតិបរមាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។