ទីតាំងផលិតបារីក្លែងក្លាយដ៏ធំមួយ ត្រូវសមត្ថកិច្ចចុះបង្ក្រាប នៅខណ្ឌសែនសុខ
ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឆ្មក់ចាប់រថយន្តដឹកបារីមួយគ្រឿង និងបានស្រាវជ្រាវឈានទៅបង្ក្រាបទីតាំងផលិតបារីម៉ាក JET និង បារីម៉ាក ៥៥៥ ក្លែងក្លាយ ដ៏ធំមួយ នៅក្នុងរោងចក្របារីហុង អន្តរជាតិ ស្ថិតនៅផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងថា មានការចរាចរណ៍ផលិតផលបារីម៉ាក JET ក្លែងក្លាយនៅព្រះរាជាណាចក្រកម្ពុជា ទើបនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការជ្រាវជ្រាវ និងឃាត់រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-5930 នៅក្នុងចំណតរថយន្តដឹកទំនិញ(ជិតម្ដុំស្ដុបកោសដូង) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសង្ស័យដឹកជញ្ជូនបារីម៉ាក JET ក្លែងក្លាយ ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានធ្វើការពិនិត្យជាក់ស្ដែង រកឃើញបារីម៉ាក JET ក្លែងក្លាយ ចំនួន៤៧ប៊ិច។
ដោយមានការសម្របសម្រួលដឹកនាំ ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបាននាំយករថយន្ត និងអ្នកបើកបរឈ្មោះ នៀ ណារិន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រឡប់ទៅទីតាំងដើម ស្ថិតនៅរោងចក្របារីហុង អន្តរជាតិ ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ព្រមទាំងបានរកឃើញនូវសម្ភារវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង នៃទីតាំងរោងចក្រខាងលើ។
ក្រោយពីធ្វើការត្រួតពិនិត្យរួច តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យសមត្ថកិច្ចចម្រុះ ធ្វើការដកហូតសម្ភារខាងលើ យកទៅរក្សាទុកជាបណ្ដោះអាសន្ននៅនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងធ្វើការបិទផ្លុំបេទ្វារឃ្លាំង និងច្រកចេញចូល នៃទីតាំងរោងចក្រខាងលើជាបណ្ដោះអាសន្ន និងបានធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងខាងលើមានឈ្មោះ ង៉ូវ ម៉ុក ភេទ ស្រី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ខណៈឈ្មោះ ង៉ូវ ស្រ៊ុន ភេទ ប្រុស បានកំពុងរត់គេចខ្លួន ដែលជាម្ចាស់រោងចក្រផលិតបារី ហុងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។