កម្ពុជា ត្រៀមរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានអញ្ជើញ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី-ខេត្ត និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងថ្មី វឌ្ឍនភាពប្រព័ន្ធដកពិន្ទុ និងបំពេញពិន្ទុឡើងវិញលើបណ្ណបើកបរ របាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនី និងវឌ្ឍនភាពមណ្ឌលផ្តល់សេវាសាធារណៈ ពង្រាងបណ្ដាញផែនទីផ្លូវថ្នល់ ការងារត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់ក្រសួង។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីប្រសិទ្ធភាពនៃប្រព័ន្ធដក ពិន្ទុ និងបំពេញពិន្ទុឡើងវិញលើបណ្ណបើកបរ និងបានសម្តែងនូវការកោតសរសើរដល់ក្រុមការងារព័ត៌មាន វិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ ដែលបានខិត ខំប្រឹងប្រែងសហការល្អក្នុងការតភ្ជាប់ប្រព័ន្ធរវាងក្រសួងទាំងពីរដោយជោគជ័យ និងបានបន្ថែមថា៖ ប្រព័ន្ធ នេះត្រូវបានធ្វើបទបង្ហាញគោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចហើយ ដោយក្នុងនោះសម្តេចបានផ្តល់ការគាំទ្រ និងជំរុញបន្ថែមទៀតលើការអនុវត្តការងារនេះ។
ចំពោះយុទ្ធសាស្ត្រយានយន្តអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ក្រសួងបានស្នើទៅ UNDP(កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង ដែលក្នុង នោះទីតាំងទី១ឋិតនៅទីស្តីការក្រសួង និងទីតាំងបួនកន្លងទៀតឋិតនៅតាមបណ្ដារាជធានី-ខេត្តនានា ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងបានស្វែងរកថវិកាទិញរថយន្តដើរដោយថាមពលអគ្គិសនីចំនួនពីរគ្រឿង ដើម្បីជាការនាំមុខ និងជាការបង្ហាញថាក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរ អំពីការងារត្រៀមរៀបចំសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលបានបញ្ចប់ការស្ថាបនានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការស្ថាបនាទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការនាំយកនិស្សិតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ចុះទៅមើលការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដោយផ្ទាល់ ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍ ការងារជាក់ស្តែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។