ឆ្នាំ២០២១! ពលករខ្មែរជាង ៥ម៉ឺននាក់ ត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកអូរបីជាន់ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ ក្នុងឆ្នាំ២០២១ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់ស្រុកអូរជ្រៅមានចំនួន ៥១.៨៨៩នាក់ ដែលក្នុងនោះមានជិតពាក់កណ្តាលជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរប្រចាំច្រកអូរបីជាន់ បានប្រាប់ថា រយៈពេល១ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់ស្រុកអូរជ្រៅបានទទួលមានចំនួន ៥១.៨៨៩នាក់ ស្រីចំនួន ២៣.៤៩៦នាក់ ក្នុងនោះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យមានចំនួន ២៣.៨៨១នាក់ ស្រី១១.១៦៤នាក់ និងប្រជាពលរដ្ឋខេត្តផ្សេងៗមានចំនួន ២៨.០០៨នាក់ ស្រី១១.១៦៤នាក់។
លោកបានបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាដែលក្រុមការងារទទួលពិនិត្យសុខភាព និងធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ បានរកឃើញអ្នកដែលឆ្លងកូវីដ១៩ មានចំនួន ២.២៤៤នាក់ ស្រីចំនួន ១.០៣១នាក់ ប្រជាលរដ្ឋខេត្តបន្ទាយមានជ័យវិជ្ជមានកូវីដ១៩ មានចំនួន ១.៤០៩នាក់ ស្រី៦៧៤នាក់ និងប្រជាពលរដ្ឋខេត្តផ្សេងៗដែលវិជ្ជមានកូវីដ១៩មានចំនួន ៨៣៥នាក់ ស្រី ៣៥៧នាក់។
លោកវរៈសេនីយ៍ទោ ម៉ាន់ ធី បានបញ្ជាក់ទៀតថា រយៈពេល៥ថ្ងៃ នៅដើមខែមករា ឆ្នាំ២០២២នេះ ក្រុមការងារទទួលពលករខ្មែរប្រចាំច្រកអូរបីជាន់ស្រុកអូរជ្រៅ ទទួលពលករខ្មែរ ដែលត្រឡប់ពីថៃចូលមកកម្ពុជា មានចំនួន ១.៤៧៩នាក់ ស្រី៧០៤នាក់ កុមារចំនួន ២១៨នាក់ ស្រី៨៦នាក់អ្នកវិជ្ជមានកូវីដ១៩ មានចំនួន ០៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។