អភិបាលស្រុកអន្លង់វែង និងនាយករដ្ឋបាលរបស់ខ្លួន រងការចោទពីពលរដ្ឋថា បានយកដីពលរដ្ឋ និងដីរបស់រដ្ឋលក់អស់៥០ហិចតា
ខេត្តឧត្ដរមានជ័យ៖ កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា លោក ហោ ជិនវីរ:យុទ្ធ អភិបាលស្រុកអន្លង់វែង បានឃុបឃិតគ្នាជាមួយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុក បានយកដីរបស់ប្រជាពលរដ្ឋនិងដីរបស់រដ្ឋ ចំនួន៥០ហិកតានៅចំណុចអូសាភី ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ។
ឈ្មួញទិញដីពីរនាក់ប្ដីប្រពន្ធនៅចំណុចខាងលើបានលើកឡើងថា ពួកគាត់មកពីខេត្តកំពង់ចាម មកទិញដីនៅទីនេះចំនួន៥០ហិចតា នៅខែ៧ និងខែ៨ថ្មីៗនេះ ពីលោក ហោ ជិនវីរ:យុទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ងួន លីន នាយករដ្ឋបាលសាលាស្រុក ដោយពួកគាត់ទិញដីនេះដើម្បីប្រកបរបរកសិកម្មខ្លួនឯង ព្រោះលក់ធូថ្លៃ។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ត្រូវបានលោក ងួន លីន យកដីស្រែចំការពួកគាត់លក់អស់ ដោយពួកគាត់មិនបានរំពឹងអ្វីទៀតឡើយ នៅពេលដែលពួកលោកមានអំណាចខាងលើដាក់គ្រឿងចក្រឈូសឆាយ ពួកគាត់បានដាក់ពាក្យសុំអន្តរាគមន៍ទៅគណ:ពង្រឹងគឺលោកឧត្ដមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ និងដាក់ទៅសាលាឃុំលំទង តែរហូតមកទល់និងពេលនេះជាងមួយខែហើយគ្មាននណាជួយពួកគាត់បានឡើយ ។
ហេតុនេះពួកគាត់សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ជួយពួកគាត់ផង។
ទាក់ទងនិងការចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើ លោក ហោ ជិនវីរ:យុទ្ធ បានឲ្យដឹងតាមទូរស័ព្ទថា រឿងនេះជាការមួលបង្កាច់របស់ប្រជាពលរដ្ឋ លោកមិនមានដីលក់ទេ តែក្នុងនាមលោកជាអ្នកសម្របសម្រួល ហើយរឿងនេះខាងឃុំកំពុងស្វែងរកការសម្របសម្រួលក្រោយវេទិការសារធារណ:រួច ។
លោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង បានឲ្យដឹងថា លោកនិងប្ដឹងប្រជាពលរដ្ឋវិញ ព្រោះដីនេះពលរដ្ឋមិនមានការអាស្រ័យផលជាក់ស្ដែងនិងបណ្ណ័កម្មសិទ្ធកាន់កាប់ឡើយ៕
អត្ថបទ៖ ឆានុន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។