ក្រសួង​ការងារ ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា ក្នុង​រោងចក្រ សហគ្រាស

​ភ្នំពេញ​៖ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ស្តីពី ដំណើរការ​និង​ការគ្រប់គ្រង​រោងចក្រ សហគ្រាស តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ម្ចាស់​រោងចក្រ សហគ្រាស បងប្អូន​កម្មករនិយោជិត និង​ដៃគូរ​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ក្រសួង ក្នុងការ​ជំរុញ​ការអនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ធានាបាន​នូវ​និរន្ត​ភាព ច្រ​វ៉ា​ក់​ផលិតកម្ម អាជីវកម្ម ការរក្សាបាន​នូវ​ស្ថិរភាព​ការងារ និង​ប្រាក់ចំណូល ដែលជា​ផលប្រយោជន៍​រួមទាំង​និយោជក និង​បងប្អូន​កម្មករនិយោជិត ដោយ​ចូលរួម​បង្ការ​មិនឱ្យ​មាន​ហានិភ័យ​កើតឡើង​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ទាំងឡាយ ជាពិសេស ជំងឺ​កូ​វីដ​-១៩​។

​ចំពោះ​ចំណុច​សំខាន់ៗ​នេះ​នៃ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​នេះ រួមមាន​៖ ១-​យន្តការ​ដំណើរការ និង​ការគ្រប់គ្រង​, ២-​វិធានការ​ដំណើរការ​ការងារ​តាម​គន្លង​ប្រក្រតីភាព​ថ្មី (​មុន​ចាប់ផ្តើម​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​, អំឡុងពេល​ដំណើរការ​ការងារ​ប្រចាំថ្ងៃ និង​ក្រោយ​បញ្ចប់​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​), ៣. ការគ្រប់គ្រង​ករណី​វិជ្ជមាន​កូ​វីដ​-១៩ , ៤. ការវាយតម្លៃ​ហានិភ័យ និង​៥. យន្តការ​អធិការកិច្ច ត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​។​

​សូមបញ្ជាក់​ជូន​ផងដែរ​ថា គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​នេះ បាន​ឆ្លងកាត់​ការពិនិត្យ​និង​ផ្តល់យោបល់​ពី​អនុគណៈកម្មការ​ផែនការ អនុគណៈកម្មការ​វាយតម្លៃ​ផែនការ និង​យុទ្ធសាស្ត្រ នៃ​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ មុននឹង​ដាក់​ឆ្លង​ស្នើសុំ​ការពិនិត្យ​សម្រេច​ពី គណ​ប្រចាំការ នៃ​គណកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នា​កិច្ចប្រជុំ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ហើយ​ទទួលបាន​គោលការណ៍​ឯកភាព​ដ៏​ខ្ពស់​ខ្ពស់​ពី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលជា​ប្រធាន​គណកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១​។

​ផ្អែក​តាម​គោលការណ៍​អនុញ្ញាត​នេះ ក្រសួង​ក៏បាន​ចេញប្រកាស​លេខ ០២/២២ ក​.​ប / ប្រ​.​ក ខ​.​ល ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់ គោលការណ៍​ប្រតិបត្តិ​ស្តង់ដា ស្តីពី​ដំណើរការ និង​ការគ្រប់គ្រង​រោងចក្រ សហគ្រាស តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩​។
​សម្រាប់​គោលការណ៍​ប្រតិ​ប​ត្ត​ស្តង់ដារ​ដែល​ដាក់ឱ្យ​ប្រើប្រាស់​នេះ មាន​ចំណុច​ដែល​ឆ្លើយតបបាន​ទៅនឹង​ការវិវត្តន៍​ថ្មីៗ​នៃ​ជំងឺឆ្លង ក៏ដូចជា​វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close