ករណី​ឆ្លង​កូ​វីដ ១៩ នៅ​អាមេរិក​នៅតែ​ខ្ពស់​ដដែល​តែ​ថយចុះ​ជាង​ប៉ុន្មាន​ថ្ងៃមុន​

​នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប​រហូតដល់​ទៅ ៣០៨,៦១៦​នាក់​ទៀត បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ៣០៨​នាក់ បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៦១,២៦៣,០៣០​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៨៥៩,៣៥៦​នាក់ និង​ជាសះស្បើយ​ឡើង​សរុប​ជាង ៤២.២៥​លាន​នាក់​។ សម្រាប់​ចំនួន​ប្រជាជន​សរុប ដែល​កំពុង​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​គឺជា​ង ៣៣២​លាន​នាក់​។​

​អាជ្ញាធរ​សុខាភិបាល​នៃ​សហរដ្ឋអាមេរិក បានប្រកាស​កាលពី​សប្តាហ៍​នេះ​ថា វីរុស COVID-19 បំប្លែង​ថ្មី Omicron បាននិងកំពុង​ធ្វើ​ឲ្យ​អត្រា អ្នក​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ កើន​យ៉ាងគំហុក​ឡើងវិញ បើ​ធៀប​នឹង​អំលុង​ខែមករា ឆ្នាំ​២០២១ ដែលជា​ពេល​អាមេរិក​បាន​រង​ការវាយលុក​ខ្លាំង ដោយសារ​វីរុស Delta​។ តែ​យ៉ាងណា អត្រា​ស្លាប់​បង្កឡើង​ដោយ Omicron គឺ​ហា​ក់នៅ​ទាប​ជាង Delta​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២២ សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប​ចំនួន​ជាង ៥១៩​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ២៤៦.៨១​លាន​នាក់ (៧៤.៩% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​យ៉ាងហោចណាស់ ១​ដូ​ស​, ២០៦.០៤​លាន​នាក់ (៦២.៥% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស និង ៧៥.២៣​លាន​នាក់ (២២.៨% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​ដូ​ស​ជំរុញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close