តោះទៅស្គាល់! ទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅខេត្តកំពង់ឆ្នាំង
ទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ក្នុងភូមិសាស្រភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ ១២១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ(វត្តភ្នំ)។ ធ្វើដំណើរពីភ្នំពេញ តាមផ្លូវជាតិលេខ៥ រួចកាត់តាមផ្លូវវាងសាលាលេខ៥ ហើយបន្តដំណើរតាមផ្លូវលេខ ៥៣។ ត្រូវចំណាយរយៈពេលអស់ប្រមាណ ៣ ម៉ោង និង ១៥ នាទី ទើបទៅដល់ទឹកធ្លាក់ភ្នំអន្លង់ស្វាយ។
សហគមន៍មូលដ្ឋាន (មានលេខទូរសព្ទទាក់ទង 097 4594947) រីករាយនឹងជូនភ្ញៀវដើរព្រៃ បោះតង់រាត្រី និង ទៅកន្លែងកំសាន្ត ដូចជាៈ
១)ទឹកឈូនៅជាន់ទី ៨ និង ជាន់ទី ៩ ជាកន្លែងដែលស្រស់ និង ស្អាតខ្លាំង។
២)ទឹកធ្លាក់អន្លង់ស្វាយ នៅជាន់ទី៤ (មានរឿងដំណាលថា ពីមុនអ្នកស្រុកហៅថា ទឹកធ្លាក់អន្លង់ស្វា ព្រោះថា ពីមុនធ្លាប់មានសត្វស្វាជាច្រើនក្បាល ដែលអង្គុយចាប់ត្រីនៅទីនេះ)។ មាននិស្សិតជាច្រើនបានមកបោះតង់រាត្រីនៅទឹកធ្លាក់ជាន់ទី ៤។ ចំពោះអ្នកបោះតង់ សូមប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្រុមការងារពេលចុះទៅផ្តិតយករូបភាពទឹកធ្លាក់ក្នុងដើមខែមករា ឆ្នាំ២០២២ នេះ បានឃើញសត្វពស់វែកក្របីប៉ុនកដៃមនុស្សចាស់។
៣)ទឹកធ្លាក់ជាន់ទី២ អ្នកស្រុកហៅថា ទឹកធ្លាក់ត្រជាក់ចិត្ត។
៤) ទឹកធ្លាក់ជាន់ទី១ ជាកន្លែងដែលភ្ញៀវភាគច្រើន បន្ទាប់ពីលេងទឹកនៅជាន់ទី ២ គេមកសំដិលយកពន្លឺថ្ងៃនៅទីនេះ។
សហគមន៍មូលដ្ឋានបានរៀបចំកន្លែងធំទូលាយសម្រាប់ចតឡាន និង ម៉ូតូ ហើយពួកគាត់បំរើសេវាកម្មម្ហូបអាហារ និង ភេសជ្ជៈផ្សេងៗ។ សហគមន៍បានចូលរួមការពារធនធានធម្មជាតិ ហើយកំពុងអំពាវនាវរកដៃគូអភិវឌ្ឍន៍ជួយកសាងផ្លូវប្រមាណ ៦ គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរតាមរថយន្ត និង ម៉ូតូចូលមកដល់កន្លែងទឹកធ្លាក់ និង រកអ្នកជួយសាងសង់បង្គន់អនាម័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។