លោក នូ ស៊ីថា មេ​សាខាគយ​ខេត្ត​ត្បូងឃ្មុំ ល្បី​ខ្លាំង​ខាង​ពង្រាយ​កូនចៅ ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកឈើ និង ទំនិញគេចពន្ធ​បាត់ប្រាក់​ចំណូល​រដ្ឋ​

​ត្បូងឃ្មុំ ៖​លោក នូ ស៊ីថា ដែលជា​អតីត​មេ​គយ ប្រចាំ​ច្រក​ដូង​៧​ដើម​តាមរយៈ​ការជួយជ្រោមជ្រែង​ពី​ឈ្មួញ​ឈើ ដ៏​មានអំណាច​ម្នាក់​ប្រចាំខេត្ត​កំពង់ចាម ដែលមាន​ងារ​ជា​ឧកញ៉ា ទើប​លោក​នូ ស៊ីថា បាន​ក្លាយខ្លួនជា​មេ​សាខាគយ​ប្រចាំខេត្ត​ត្បូងឃ្មុំ ហើយ​ម្យ៉ាងទៀត​ដោយ​លោក នូ ស៊ីថា ក៏មាន​ជំនាញ យ៉ាង​ស្ទាត់​ផងដែរ​ក្នុងការ​គៀងគរ ក្រុម​ឈ្មួញ​រកស៊ី​ឈើប្រណិត និង ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចេញចូល​ពី​ខ្មែ​ទៅ​វៀតណាម និង​ពី​វៀតណាម​ក ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​មកកាន់​ប្រទេស​កម្ពុជា ខ​ណះ​រូបលោក​មុន​បានមក​ធ្វើជា​មន្ត្រី​គយ លោក​ក៏​ជា​មេ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​មួយ​ផងដែរ ។​

​យោងតាម​ប្រភពពី​ក្រុម​ឈ្មួញ​រកស៊ី​មួយចំនួន បាន​បង្ហើប​ឱ្យដឹងថា លោក នូ ស៊ីថា កំពុង​តាំងខ្លួន​ជា​ស្តេច​ក្រាញ់​ដ៏​មានអំណាច​បំផុត​ប្រចាំខេត្ត​ត្បូងឃ្មុំ ហើយ​សូម្បីតែ​ឈ្មួញ​រកស៊ី​ដឹកឈើ​ទៅ​លក់​អោយ​ឈ្មួញ​នៅ ប្រទេស​វៀតណាម និង​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ពី​វៀតណាម​មកកាន់​ប្រទេស​កម្ពុជា តាម​ច្រក ទន្លេ​ចាម ច្រក​ដួង​៧​ដើម និង​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង និង ច្រករបៀង​មួយចំនួន​ផ្សេងៗ​ជាច្រើន​ទៀត​ក៏​សុទ្ធតែ​ត្រូវ​បង់​ក្បាល​ឡាន ជូន​មន្ត្រី​គយ ដែល​លោក នូ ស៊ីថា ពង្រាយ​អោយ​ចាំ​យកលុយ​នោះ​ផងដែរ បើ​មិន​ដូច្នេះ​ទេ​ប្រាកដជា​មានការ​បង្ក្រាប​ជាក់​ជាមិនខាន​ឡើយ ។​

​មន្ត្រី​គយ​តូចតាច​មួយចំនួន​តាម​ច្រកព្រំដែន នៃ​ខេត្ត​ត្បូងឃ្មុំ​នាំគ្នា​ត្អូញត្អែរ​ពី​ការបាត់បង់​ប្រភព​ចំណូល​របស់ខ្លួន ព្រោះថា​ចាប់តាំងពី​លោក នូ ស៊ីថា ឡើង​គ្រប់គ្រង​តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ពី​ពេលណា​មក​គឺ​គាត់ (​លោក នូ ស៊ីថា​) បាន​ក្តោប​ក្តាប់​ប្រភព​ចំណូល​សេដ្ឋកិច្ច​មិនអោយ​របូត​មួយ​ករណី​ណា​ឡើយ ធ្វើអោយ​មន្ត្រី​គយ​តូចតាច​ខ្លះ​ស្ទើរតែ​រកលុយ​ចាក់​សាំង​ឡាន ឬ​សាំង​ម៉ូតូ​ប្រចាំថ្ងៃ​ស្ទើរតែ​មិនបាន​។

​ការយក​លុយ​ក្រៅបញ្ជី​រដ្ឋ​របស់​មន្ត្រី​គយ​ប្រចាំខេត្ត​ត្បូងឃ្មុំ ដែល​ដឹកនាំ​ដោយ លោក នូ ស៊ីថា ដែល​មានការ​រិះគន់ថា គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន បណ្ដាលឱ្យ​បាត់បង់​ប្រាក់ចំណូល​រប​ស់​រដ្ឋ​នោះ បាន​ក្លាយទៅជា​ប្រធានបទ​ក្ដៅ ខ​ណះ​នៅ​ថ្ងៃទី​១៨​ខែតុលា កន្លងទៅ​ថ្មីៗ​នេះ ខាង​គយ​ចល័ត​បាន​ចុះ​ចាប់បាន​រថយន្ដ​ចំនួន​2​គ្រឿង ដឹក​ស្រា​បៀរ heineken ចំនួន​៥០០០​កេះ និង​កាហ្វេ​ចូល​មកពី​ប្រទេស​វៀតណាម ចំនួន​៥០០​កេះ មិនបាន​បង់ពន្ធ ប៉ុន្តែ​ចូលមក​បាន​ដោយ​រលូន​តែ​ត្រូវ​គយ​ចល័ត​ក្រសួង នឹង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ជាប់ នៅ​មាត​ច្រកទ្វា​ព្រំដែន​កម្ពុជា វៀតណាម និង​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​គយ​ចល័ត​ខាងលើ​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​តាម​និតិ​វិធី​។​

​ករណីនេះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ទំនិញគេចពន្ធ​ចូលមក​រៀងរាល់ថ្ងៃ បើ​សង្ឃឹម​ទៅលើ​លោក នូ ស៊ីថា ទប់ស្កាត់​ប្រមូល​ពន្ធ​ជូន​រដ្ឋ​នោះ​គឺ​គ្មាន​សង្ឃឹម​ឡើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​ប្រភព​ដែល​បានលើកឡើង​ខាងលើនេះ​ផងដែរ លោក នូ ស៊ីថា មិនទាន់​អាចធ្វើ​ការទំនាក់ទំនង​សុំ​ការ​ពន្យល់បាន​នៅឡើយ​ទេ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ មិនអាច​ទំនាក់ទំនង​បាន​។​

​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី មានការ​ស្នើ​ដល់​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ របស់​រដ្ឋសភា​ជួយ​ធ្វើការ​ស៊ើបអង្កេត ពី​ប្រភព​ចំណូល​មិន​ប្រក្រតី​របស់លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​ផង​។

​ម្យ៉ាងទៀត​ចង់ដឹងថា តើ​ប្រាក់ខែ​របស់ លោក នូ ស៊ីថា ប៉ុន្មាន​ទើប​មាន​លុយ​សំបូរហូរហៀរ​សង់ វីឡា​ជាច្រើន​កន្លែង​ដូចជា នៅក្នុង​សង្កាត់​ទឹកថ្លា សង្កាត់​ជ្រោយចង្វា និង​នៅក្នុង​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ផងដែរ​នេះ បើតាម​ប្រភព​ទំលាយ​អោយដឹង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close