នាយករដ្ឋមន្រ្តីប្រាប់ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈកូវីដ១៩បំប្លែងថ្មីអូមីក្រុងឆ្លងចូលក្នុងសហគមន៍
តាមរយៈសារជាសំឡេងនៅព្រលប់ថ្ងៃចន្ទ (១០ មករា) សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា ពេលនេះកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទ អូមីក្រុង នៅក្នុងសហគមន៍ចំនួន១០ករណីបន្ថែមទៀត និង២៤ករណីទៀតជាករណីនាំចូល។
តែយ៉ាងណាក៏ដោយសម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការបើកប្រទេសនៅតែដំណើរការជាធម្មតា និងស្នើដល់ប្រជាពលរដ្ឋទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងមុន ។ ជាមួយគ្នានេះ សម្តេចក៏បានប្រាប់ទៅដល់ក្រសួងសុខាភិបាលឲ្យពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញដល់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ពីជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទ អូមីក្រុង នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងស្ថានការណ៍បែបនេះត្រូវតែយកចិត្តទុកដាក់ទៅលើវិធានការពារឱ្យបានខ្លាំងក្លាបំផុតនោះគឺការបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីធានាថាសហគមន៍របស់យើងមានភាពរឹងមាំជាមួយគ្នានេះខ្ញុំបានចេញបទបញ្ជាហើយជំរុញល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋរបស់ យើង »។
សូមបញ្ជាក់ថា បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៦៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០២៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។