ស្ពានឆ្លងទន្លេមេគង្គទៅស្វាយជ្រុំ អាចនឹងបើកការដ្ឋាននៅឆ្នាំ២០២៣
ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាបកាលពីចុងសប្តាហ៍កន្លងទៅនេះ លោក ស៊ុន សាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពានឆ្លងទន្លេមេគង្គ ទៅស្វាយជ្រុំ អាចនឹងត្រូវបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣ខាងមុខ ដោយថា ក្រសួងបានសិក្សាជិតចប់ហើយ។
បើតាមលោករដ្ឋមន្រ្តីទីតាំងតភ្ជាប់របស់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញ ទៅស្វាយជ្រុំ មាន២ជម្រើស កំពុងស្ថិតក្នុងការសិក្សា ក្នុងនោះ ជម្រើសទី១ ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វា ទៅកាន់ស្វាយជ្រុំតែម្ដង និងជម្រើសទី ២ គឺឆ្លងទន្លេសាបទៅតំបន់អូតែលសុខា តទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន២។ ជម្រើសទាំង ២នេះ ក្រសួងកំពុងសិក្សាមើលថា តើចំណាយថវិកាតិច ប៉ះពាល់តិចជាង ហើយមិនបង្កការកកស្ទះនៅរាជធានីភ្នំពេញ។
សូមរំលឹកថា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានឹងមានសមិទ្ធផលស្ពានថ្មីមួយទៀតតភ្ជាប់ភ្នំពេញនិងស្វាយជ្រុំ, ហើយថា ស្ពានថ្មីនេះ នឹងជួយឱ្យតំបន់អរិយក្សត្សប្រែក្លាយទៅជាទីក្រុងរណប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។