កិនស្លាប់ម្នាក់ និង២នាក់ រងរបួស ក្នុងករណីរថយន្តដឹកដី បុកគោយយន្តកន្ត្រៃដឹកឈើ នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ម្នាក់ និង២នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីរថយន្តដឹកដី បុកគោយយន្តកន្ត្រៃដឹកឈើ កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៧អា ត្រង់ចំណុចគីឡូម៉ែត្រលេខ៩ ក្នុងភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌឿន វែន ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវរថយន្តបើកកិនចំក្បាល បណ្តាលឱ្យស្លាប់ ចំណែក២នាក់ទៀត ឈ្មោះ ផាន់ ខឿន ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ សន ឆក ភេទប្រុស អាយុ៣៥ឆ្នាំ បានរងរបួសធ្ងន់-ស្រាល។ អ្នកទាំង៣នាក់នេះ រស់នៅភូមិចាន់តាង៉យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សាក្សីបាននិយាយថា មុនពេលកើតហេតុមានរថយន្តដឹកដី បានបើកស្របទិសគ្នា ក្នុងល្បឿនលឿន រួចជ្រុលទៅបុកគោយន្តកន្ត្រៃដឹកអុសដាក់ឡឥដ្ឋពីខាងក្រោយ ពេញទំហឹង បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសពេញផ្លូវ រីឯអ្នកបើករថយន្ត រត់គេចខ្លួនបាត់។
ករណីនេះ សមត្ថកិច្ចបានធ្វើការវាស់វែង និងកំណត់ហេតុបន្តតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។