ជនសង្ស័យ​សម្លាប់​មេការ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​សមត្ថកិច្ច​ចាប់បាន​នៅ​ខេត្តសៀមរាប​

​ករណី​ហឹ​ង្សា​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​នៅ​សង្កាត់​៤ ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​នៅឯ​ខេត្តសៀមរាប និង​បានប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​កើតរឿង​រ៉ាវ​វិញ​នៅថ្ងៃនេះ​។​

​ជនសង្ស័យ​ទាំងបី​មានឈ្មោះ ៖ ១. ឈ្មោះ ភោគ សុផាត ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រិ​ញ ឃុំ​ជី​ក្រែ ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ២. ឈ្មោះ អុ​យ អឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ខេត្តបាត់ដំបង ។ ៣. ឈ្មោះ ឈ​យ ឃ្មុំ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុ​កំណើត​នៅ​ភូមិ​ស្តៅ ឃុំអន្លុង​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ វេលាម៉ោង​២២ និង​០០​នាទី នៅ​ក្រុមទី​៣២ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ពួកគេ​បាន​ប្រើ​ហិង្សា​បណ្តាល​ឲ្យ​មេការ​សំណង់​ម្នាក់​ឈ្មោះ តាំង បូរ៉ា ភេទ​ប្រុស អាយុ​36​ឆ្នាំ ស្នាក់​ការដ្ឋាន​សំណង់ មាន​ស្រុកកំណើត​ភូមិគ ឃុំជីវ​កង ស្រុក​ជី​កែង ខេត្តសៀមរាប រងរបួស​ក្បាល ថ្ងាស មុខ ជា​ទម្ងន់ និង​ស្លាប់​ក្រោយពេល​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក​ក្រុងព្រះសីហនុ ។​

​ក្រោយ​ទទួល​ពាក្យបណ្តឹង​រួច កម្លាំង​ជំនាញ​ក៏​ស្រាវជ្រាវ​ឃើញថា​ជនសង្ស័យ​ទាំងបី​នាក់ មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប ។ ហើយក៏​បានផ្តល់​ដំណឹង​ទៅ​ស្នងការរង​ផែន​ព្រហ្មទណ្ឌ​ខេត្តសៀមរាប។

ក្រោម​កិច្ច​សហការរវាង​ស្នងការរងផែនព្រហ្មទណ្ឌខេត្តព្រះសីហនុ ស្នងការរងផែនព្រហ្មទណ្ឌខេត្ត​សៀមរាប អធិការនគរបាល​ស្រុកបាគង លុះ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២១០៨ កម្លាំង​ជំនាញ​ក៏​ធ្វើការ​ចាប់បាន​ជនសង្ស័យ (​ជនដៃដល់​) ទាំងបី​នាក់​នេះ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក៏បាន​បញ្ជូន​កម្លាំង​ទៅ​ទទួលយក​ជនសង្ស័យ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close