លោកនូ ស៊ីថា មេសាខាគយខេត្តត្បូងឃ្មុំ ល្បីខ្លាំងខាងពង្រាយកូនចៅ ប្រមូលលុយពីឈ្មួញដឹកឈើ និង ទំនិញគេចពន្ធ បាត់ប្រាក់ចំណូលរដ្ឋ
ត្បូងឃ្មុំ៖លោក នូ ស៊ីថា ដែលជាអតីតមេគយ ប្រចាំច្រកដូង៧ដើមតាមរយៈការជួយជ្រោមជ្រែងពីឈ្មួញឈើ ដ៏មានអំណាចម្នាក់ប្រចាំខេត្តកំពង់ចាម ដែលមានងារជាឧកញ៉ា ទើបលោកនូ ស៊ីថា បានក្លាយខ្លួនជាមេសាខាគយប្រចាំខេត្តត្បូងឃ្មុំ ហើយម្យ៉ាងទៀតដោយលោក នូ ស៊ីថា ក៏មានជំនាញ យ៉ាងស្ទាត់ផងដែរក្នុងការគៀងគរ ក្រុមឈ្មួញរកស៊ីឈើប្រណិត និង ឈ្មួញរកស៊ីនាំទំនិញចេញចូលពីខ្មែទៅវៀតណាម និងពីវៀតណាមក ទាំងស្របច្បាប់និងមិនស្របច្បាប់មកកាន់ប្រទេសកម្ពុជា ខណះរូបលោកមុនបានមកធ្វើជាមន្ត្រីគយ លោកក៏ជាមេឈ្មួញឈើដ៏ល្បីឈ្មោះមួយផងដែរ ។
យោងតាមប្រភពពីក្រុមឈ្មួញរកស៊ីមួយចំនួន បានបង្ហើបឱ្យដឹងថា លោក នូ ស៊ីថា កំពុងតាំងខ្លួនជាស្តេចក្រាញ់ដ៏មានអំណាចបំផុតប្រចាំខេត្តត្បូងឃ្មុំ ហើយសូម្បីតែឈ្មួញរកស៊ីដឹកឈើទៅលក់អោយឈ្មួញនៅ ប្រទេសវៀតណាម និងឈ្មួញដែលរកស៊ីនាំទំនិញពីវៀតណាមមកកាន់ប្រទេសកម្ពុជា តាមច្រក ទន្លេចាម ច្រកដួង៧ដើម និងច្រកអន្តរជាតិត្រពាំងផ្លុង និង ច្រករបៀងមួយចំនួនផ្សេងៗជាច្រេីនទៀតក៏សុទ្ធតែត្រូវបង់ក្បាលឡាន ជូនមន្ត្រីគយ ដែលលោក នូ ស៊ីថា ពង្រាយអោយចាំយកលុយនោះផងដែរ បើមិនដូច្នេះទេប្រាកដជាមានការបង្ក្រាបជាក់ជាមិនខានឡើយ ។
មន្ត្រីគយតូចតាចមួយចំនួនតាមច្រកព្រំដែន នៃខេត្តត្បូងឃ្មុំនាំគ្នាត្អូញត្អែរពីការបាត់បង់ប្រភពចំណូលរបស់ខ្លួន ព្រោះថាចាប់តាំងពីលោក នូ ស៊ីថា ឡើងគ្រប់គ្រងតំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ពីពេលណាមកគឺគាត់ (លោក នូ ស៊ីថា) បានក្តោបក្តាប់ប្រភពចំណូលសេដ្ឋកិច្ចមិនអោយរបូតមួយករណីណាឡើយ ធ្វើអោយមន្ត្រីគយតូចតាចខ្លះស្ទើរតែរកលុយចាក់សាំងឡាន ឬសាំងម៉ូតូប្រចាំថ្ងៃស្ទើរតែមិនបាន។
ការយកលុយក្រៅបញ្ជីរដ្ឋរបស់មន្ត្រីគយប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក នូ ស៊ីថា ដែលមានការរិះគន់ថា គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បណ្ដាលឱ្យបាត់បង់ប្រាក់ចំណូលរបស់រដ្ឋនោះ បានក្លាយទៅជាប្រធានបទក្ដៅ ខណះនៅថ្ងៃទី១៨ខែតុលា កន្លងទៅថ្មីៗនេះ ខាងគយចល័តបានចុះចាប់បានរថយន្ដចំនួន2គ្រឿង ដឹកស្រាបៀរ heineken ចំនួន៥០០០កេះ និងកាហ្វេចូលមកពីប្រទេសវៀតណាម ចំនួន៥០០កេះ មិនបានបង់ពន្ធ ប៉ុន្តែចូលមកបានដោយរលូនតែត្រូវគយចល័តក្រសួង នឹងអាវុធហត្ថលើផ្ទៃប្រទេសចាប់ជាប់ នៅមាតច្រកទ្វាព្រំដែនកម្ពុជា វៀតណាម និងយកទៅរក្សាទុកនៅស្នាក់ការគយចល័តខាងលេីជាបណ្ដោះអាសន្ន ដើម្បីធ្វើការតាមនិតិវិធី។
ករណីនេះប្រជាពលរដ្ឋបានលើកឡើងថា ទំនិញគេចពន្ធចូលមករៀងរាល់ថ្ងៃ បើសង្ឃឹមទៅលើលោក នូ ស៊ីថា ទប់ស្កាត់ប្រមូលពន្ធជូនរដ្ឋនោះគឺគ្មានសង្ឃឹមឡើយ។
ពាក់ព័ន្ធទៅនឹងប្រភពដែលបានលើកឡើងខាងលើនេះផងដែរ លោក នូ ស៊ីថា មិនទាន់អាចធ្វើការទំនាក់ទំនងសុំការពន្យល់បាននៅឡើយទេ ដោយប្រព័ន្ធទូរស័ព្ទ មិនអាចទំនាក់ទំនងបាន។
ប៉ុន្តែទោះជាយ៉ាងនេះក្តី មានការស្នើដល់គណៈ កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ របស់រដ្ឋសភាជួយធ្វើការស៊ើបអង្កេត ពីប្រភពចំណូលមិនប្រក្រតីរបស់លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំផង។
ម្យ៉ាងទៀតចង់ដឹងថាតើប្រាក់ខែរបស់ លោក នូ ស៊ីថា ប៉ុន្មានទើបមានលុយសំបូរហូរហៀរសង់ វីឡាជាច្រើនកន្លែងដូចជា នៅក្នុងសង្កាត់ទឹកថ្លា សង្កាត់ជ្រោយចង្វា និងនៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ផងដែរនេះ បើតាមប្រភពទំលាយអោយដឹង៕ ដោយ ឆាយ ចាន់ថន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។