ស្ពានអាកាសនៅស្តុបផ្សារស៊ិនជូរីផ្លាហ្សា នឹងចាប់ផ្តើមសាងសង់ ចាប់ពីខែមីនា ខាងមុខ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោករដ្ឋលេខាធិការ នៃរដ្ឋលេខាធិដ្ឋានអាកាសចរស៊ីវិល តំណាងក្រុមហ៊ុន OCIC និងមន្ត្រីជំនាញមួយចំនួនទៀត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំមួយ បានឲ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤ ស្ថិតនៅផ្លូវប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្តេចចៅហ្វាវាំង គង់ សំ អុល (ផ្លូវ២០០៤) គ្រោងនឹងស្ថាបនា ចាប់ពីខែមីនា ឆ្នាំ២០២២។ ស្ពាននេះ គ្រោងប្រើប្រាស់រយៈជាង ១៤ខែ ពោលគឺ នឹងស្ថាបនាឱ្យបានរួចរាល់នៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីគម្រោងនៃការសាងសង់ស្ពានអាកាសនេះថា គម្រោងស្ពានអាកាសផ្លូវ២០០៤ នឹងចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០២២ ដោយប្រើប្រាស់រយៈពេល ជាង១៤ខែ ហើយក្នុងរយៈពេលនេះ រហូតដល់ខែមីនា ក្រុមជំនាញ នឹងធ្វើការសិក្សាពីផ្លូវវាង នឹងធ្វើការសិក្សាពីផលប៉ះពាល់មួយចំនួន។ ស្ពាននេះនឹងធ្វើឡើង ស្របពីលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គ្របពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១។ គម្រោងស្ពានអាកាសផ្លូវ២០០៤ មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥.៨ ម៉ែត្រ កម្ពស់តួស្ពាន ត្រង់ចំណុចកណ្ដាល ៥.០-៥.៥ម៉ែត្រ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ស្ពានអាកាសថ្មីនេះ នឹងធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីឱ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក មានន័យថា ធ្វើឱ្យបានរួចរាល់នៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣។ ទោះជាយ៉ាងណាក្តី ការបង្កើតនូវគម្រោងទី១ នៃការកសាងស្ពានអាកាសនៅចំណុចខាងលើនេះ លោក ឃួង ស្រេង នៅតែជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការសហការជាមួយនឹងក្រុមហ៊ុន OCIC សិក្សាពីការសាងសង់ផ្លូវក្រោមដី នៅចំណុចស្ពាននេះបន្ថែមទៀត ឲ្យបានលឿនផងដែរ តើមានផលប៉ះពាល់ទំហំប៉ុណ្ណា ហើយគ្រោងនឹងចំណាយថវិកាប៉ុន្មាន នៃផលប៉ះពាល់នេះ ដើម្បីអាចដោះស្រាយការស្ទះចរាចរណ៍នៅតំបន់នេះបានយូរអង្វែង។
ក្រៅពីនេះ ឯកឧត្តម ឃួង ស្រេង បានអះអាងដែរថា ស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ក្រោយពីមានការដាក់ឲ្យដំណើរការនោះ លំហូរចរាចរណ៍នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នឹងមកកកស្ទះចរាចរនៅផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចស្តុបផ្សារស៉ិនជូរីផ្លាហ្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។