ប្រធានសភាអឺរ៉ុប ទទួលមរណភាព នៅអាយុ៦៥ឆ្នាំ
ប្រធានសភាអឺរ៉ុប លោក David Sassoli ត្រូវគេប្រកាសឱ្យដឹងនាថ្ងៃអង្គារនេះថា បានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។
លោក Robert Cuillo ដែលជាអ្នកនាំពាក្យរបស់លោក បានប្រកាសពីដំណឹងមរណភាពរបស់លោក Sassoli តាមរយៈប្រព័ន្ធ Twitter ដោយបានបង្ហើបឱ្យដឹងត្រឹមថា លោក Sassoli បានទទួលមរណភាពនៅម៉ោង ១៖១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារសប្តាហ៍នេះ នៅឯទីក្រុងអាវីយ៉ាណូ (Aviano) ភាគឦសាននៃប្រទេសអ៉ីតាលី។
បើតាមលោក Cuillo លោក Sassoli បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចាប់តាំងតែពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីប្រព័ន្ធភាពស៉ាំរបស់លោក បានដំណើរការខុសប្រក្រតី។ យ៉ាងណាក្តី ជុំវិញមរណភាពរបស់លោក Sassoli អ្នកនាំពាក្យរូបនេះ មិនបានផ្តល់ការបកស្រាយអ្វីលម្អិតទៀតនោះទេ។
គួរបញ្ជាក់ថា លោក Sassoli វ័យ៦៥ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសតាំងជា សមាជិកនៅសភាអឺរ៉ុប ជាលើកដំបូង កាលពីឆ្នាំ២០០៩ ហើយលោកបាន ជាប់មួយអាណត្តិទៀត កាលពីឆ្នាំ២០១៤ និងបានកាន់តួនាទីជាអនុប្រធានសភា។ បន្ទាប់មកនៅខែកក្កដា ឆ្នាំ២០១៩ លោក Sassoli ក៏បានឡើងជាប្រធានសភាអឺរ៉ុបតែម្តង។ កន្លងមក លោកបានសម្រេចមិនឈរឈ្មោះទៀតឡើយ នៅពេលដែលសមាជិកសភាអឺរ៉ុប ត្រូវបោះឆ្នោតជ្រើសរើសប្រធានថ្មី ក្នុងខែមករា ឆ្នាំ២០២២នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។