កម្ពុជា ផ្អាកការនាំចូលជ្រូកពីប្រទេសថៃ និងវៀតណាម ខណៈប្រទេសទាំង២កំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក

កម្ពុជាបានសម្រេចផ្អាកការនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងវៀតណាម បន្ទាប់ពីការចិញ្ចឹមក្នុងស្រុកបានកើនលើសតម្រូវការ និងស្របពេលប្រទេសជិតខាងកំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្ពុជា បានផ្អាកការនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងវៀតណាម រយៈពេលពីរខែមកហើយ បន្ទាប់ពីការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅតាមតម្រូវការក្នុងស្រុក និងម៉្យាងទៀតតម្លៃ ជ្រូកនៅប្រទេសថៃ និងវៀតណាម មួយរយៈចុងក្រោយនេះថ្លៃជាងនៅប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វ បានធ្វើការយ៉ាងជិតស្និទជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងក្រុមហ៊ុនចិញ្ចឹមសត្វ និងនាំចូល ដើម្បីផ្អាកការនាំចូលជ្រូកពីប្រទេសជិតខាង ខណៈដែលការចិញ្ចឹមនៅក្នុងស្រុករបស់យើងសព្វថ្ងៃនេះអាចផ្គត់ផ្គង់គ្រប់គ្រាន់ពី ៨ពាន់ទៅ ៩ពាន់ក្បាលក្នុងមួយថ្ងៃ។

លោកបានបន្តថា អគ្គនាយកដ្ឋានបានណែនាំដល់មន្ត្រីពេទ្យសត្វនៅតាមព្រំដែនឲ្យបង្កើនការត្រួតពិនិត្យឲ្យបានតឹតរ៉ឹងចៀសវាងការលួចនាំចូលជ្រូកចូលដោយខុសច្បាប់ពីប្រទេសក្បែរខាង និងអំពាវនាវដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើជីវសុវត្ថិភាព និងអនាម័យ ក្នុងការចិញ្ចឹមរបស់ខ្លួនជាប្រចាំ ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សត្វចិញ្ចឹមរបស់ខ្លួន និងចម្លងទៅកន្លែងផ្សេងទៀត។

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃ កាលពីថ្ងៃអង្គារបានប្រកាសពីការរកឃើញករណីឆ្លងនៃ «ជំងឺបេស្តជ្រូកអាហ្វ្រិក» តាមរយៈការពិនិត្យលើសំណាកដែលត្រូវបានប្រមូលពីទីសត្តឃាតមួយកន្លែង នៅក្នុងខេត្ត Nakhon Pathom។

អាជ្ញាធរនៅក្នុងប្រទេសថៃ បានបើកការស៊ើបអង្កេតមួយកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីការមានសង្ស័យជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ថាជំងឺបេស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលនៅក្នុងប្រទេសរួចទៅហើយ ខណៈព័ត៌មានពាក់ព័ន្ធនឹងជំងឺនេះត្រូវបានបិទបាំង។

គួរបញ្ជាក់ថា ការទទួលស្គាល់ករណីឆ្លងជំងឺបេស្តជ្រូកអាហ្វ្រិកកើតមានឡើង បន្ទាប់ពីអាជ្ញាធរថៃបានបដិសេធជាច្រើនឆ្នាំមកហើយថា មិនមានករណីឆ្លង ជំងឺនេះនៅលើសត្វជ្រូកនៅក្នុងស្រុកនោះទេ ហើយនេះក៏ជាលើកដំបូងបំផុតដែលអាជ្ញាធរថៃទទួលស្គាល់ជាផ្លូវការពីវត្តមានជំងឺនេះផងដែរ។ ហើយការប្រកាសរបស់អាជ្ញាធរថៃនាពេលនេះ ទំនងជាយុទ្ធសាស្ត្រមួយទប់ស្កាត់ការនាំសត្វជ្រូកចេញទៅក្រៅប្រទេស ខណៈនៅក្នុងប្រទេសថៃបច្ចុប្បន្នកំពុងប្រឈមការខ្វះសាច់ជ្រូកផ្គត់ផ្គង់នៅលើទីផ្សារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close