រុស្ស៊ី បង្ហាញ​«​សាច់ដុំ​»​ព្រមាន​អាមេរិក​និង​ណា​តូ​

​ក្នុងពេល​កំពុងតែ​មាន​ភាព​តានតឹង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រុស្ស៊ី​ក៏បាន បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ ជាការ​ព្រមាន​ដល់​អាមេរិក និង​ណា​តូ ។ នោ​ថ្ងៃទី​១១​ខែមករា រុស្ស៊ី​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ជាមួយ​ការដាក់​ពង្រាយ​រថក្រោះ និង​កងទ័ព​រាប់ពាន់​នាក់​នៅក្បែរ​តំបន់​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល នេះ​ទំនងជា​សារ​ព្រមាន​មួយ នៅមុន​ជំនួប​ជាមួយ​អង្គការ NATO ក្នុង​សប្ដាហ៍​នេះ​។​

​កងទ័ព​រុស្ស៊ី​ជាង ៣,០០០​នាក់ បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ខាងលើ នៅក្នុង​តំបន់​ចំនួន​៤ ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស ក្បែរ​តំបន់​ព្រំដែន​អ៊ុយ​ក្រែ​ន​។ សមយុទ្ធ​យោធា​នេះ​ទៀតសោត កើតមានឡើង បន្ទាប់ពី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី បេ​ស្កូវ (Dmitry Peskov) បាន​និយាយថា​វា​ជា​រឿង​វិជ្ជមាន​ដែល ជំនួប​រវាង​ក្រុមមន្ត្រី​អាមេរិក និង​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ក្នុង​ទីក្រុង​ហ្សឺ​ណែវ បាន​ប្រព្រឹត្ត​ទៅដោយ​បើកចំហ និង​ដោយផ្ទាល់​។ ប៉ុន្តែ​លោក​ផ្ទាល់​ថា មើលឃើញ​ទាល់តែសោះ​នូវ​គំនិត​សុទិដ្ឋិនិយម ដ្បិត​ខាង​ភាគី​រុស្ស៊ី​ចង់បាន​លទ្ធផល​ភ្លាមៗ​។​

​លោក​បន្ថែមថា​ស្ថានភាព​សព្វថ្ងៃ​នឹង​បង្ហាញ​កាន់តែច្បាស់ បន្ទាប់ពី​ជំនួប​រវាង​រុស្ស៊ី និង​អង្គការ NATO ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល នៅ​ថ្ងៃ​ពុធ​នេះ​ព្រមទាំង​ជំនួប​ជាមួយ អង្គការ​សម្រាប់​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប (OSCE) ក្នុង​ទីក្រុង​វី​យ្យែ​ន នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។​

​គួរ​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​យោធា​ខាងលើ​របស់​រុស្ស៊ី ត្រូវបាន​ក្រុមមន្ត្រី​អឺរ៉ុប​បកស្រាយ​ថា​រុស្ស៊ី មិនមាន​ចេតនា​ពិតប្រាកដ ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​យោធា ជាមួយ​ប្លុក​លោកខាងលិច​នោះទេ ស្របពេល​រុស្ស៊ី និង​អាមេរិក ហាក់ដូចជា​បានទាមទារ និង​ដាក់សំណើ​ដែល​មើលទៅ​មិនអាច​ទៅរួច​លើ​គ្នា​ទៅវិញទៅមក ក្នុងនោះ រួមមាន​ទាំង​ការស្នើ​ឱ្យ NATO បញ្ឈប់​ការបង្កើន​វត្តមាន​យោធា​ក្នុង​តំបន់​អឺរ៉ុប​ជាដើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close