ថៃ សម្រេចឲ្យធ្វើទំនើបកម្មយន្តហោះចម្បាំង ទិញពីអាមេរិកថែម
គណៈរដ្ឋមន្ត្រីថៃបានអនុម័តផែនការទិញយន្តហោះចម្បាំង ៤គ្រឿងទៀត នេះបើតាមអ្នកនាំពាក្យកងទ័ពអាកាសបញ្ជាក់ កាលពីថ្ងៃទី១២ មករា ២០២២ ដោយបញ្ជាក់ថា ត្រូវចំណាយថវិការ ១៣.៨ពាន់លានបាត ឬ ប្រមាណ៤១៤លានដុល្លារអាមេរិក។
ការឯកភាពធ្វើទំនើបកម្មយន្តហោះចម្បាំងនេះបានកើតឡើង ក្រោយពេលមេបញ្ជាការទ័ពអាកាស Marshal Napadej Dhupatemiya បានបង្ហាញចំណាប់អារម្មណ៍ ចង់បញ្ជាទិញ យន្តហោះចម្បាំង F-35 ពីក្រុមហ៊ុនអាមេរិក Lockheed Martin Corp។
គណៈរដ្ឋមន្ត្រីបានព្រមព្រៀងលើការចំណាយនេះ សម្រាប់រយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំសារពើពន្ធ ២០២៣ ដើម្បីជំនួស យន្តហោះចម្បាំងវ័យចំណាស់ F-16 នេះបើតាមប្រភពពីកងទ័ពអាកាសដដែល។
បច្ចុប្បន្ននេះ ថៃមានយន្តហោះចម្បាំង JAS-39 Gripen ផលិតនៅស្វីស ចំនួន១២គ្រឿង ព្រមទាំង យន្តហោះចម្បាំងផលិតនៅអាមេរិក F-16 និង F-5 រាប់សិបគ្រឿង ដែលមួយចំនួននៅសេសសល់តាំងពីសតវត្សរ៍ទី៨០៕ ប្រភពពី CNA
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។