ឯកឧត្តម វេង សាខុន៖ ក្នុងឆ្នាំ២០២១ កន្លងទៅ តម្លៃផលិតផលកសិកម្មសរុបមានទំហំ ១៨ពាន់លានដុល្លារ កើនប្រមាណជាង៤៣%
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ នៅអគារផ្ការំដួល ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជាការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ការព្រោះស្រូវដោយឧបករណ៍ទំនើបដោយប្រើកម្លាំងពលកម្មតិចបំផុត និងការប្រើដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញវិស័យកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ព្រមជាមួយនឹងការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ វិស័យកសិកម្មបាន និងកំពុងមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដោយបានផលិតស្បៀងលើសពីសេចក្តីត្រូវការក្នុងស្រុក ហើយកំពុងជំរុញគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន សហគ្រាសខ្នាតតូចនិងមធ្យម និងដៃគូអភិវឌ្ឍន៍នានាវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។
ជាក់ស្តែងក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ១៨ពាន់លានដុល្លារអាមេរិក កើនប្រមាណជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ ១០,៥ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលសរុបផ្នែកសត្វមានទំហំ ៥,១ ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកជលផលមានទំហំ ១,៧ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកព្រៃឈើមានទំហំជាង ៧៨,៦៣លានដុល្លារអាមេរិក និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូមានទំហំជាង ៦០៤លានដុល្លារអាមេរិក។ ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ ពាន់លានដុល្លារអាមេរិកគឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០។
ឯកឧត្តម បានបន្ថែមទៀតថា គោលដៅចម្បងដែលត្រូវសម្រេចឱ្យបានក្នុងគោលនយោបាយនេះគឺ៖ (១) បង្កើនតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច ៣ ភាគរយក្នុងមួយឆ្នាំ និង (២) បង្កើនផលិតភាពពលកម្មកសិកម្មពី ១ ៩៨៦ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់៤ ៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។