ប្រធានាធិបតីអាមេរិកចេញបញ្ជាឲ្យដាក់ទាហានពេទ្យជួយបណ្តារដ្ឋដែលមានអ្នកជំងឺកូវីដ១៩ កើនឡើងខ្ពស់
រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានសម្រេចដាក់បន្ថែមកម្លាំងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ កើនឡើងខ្ពស់។ នៅតាមបណ្តារដ្ឋមានអ្នកជំងឺច្រើន នឹងមានកម្លាំងពេទ្យយោធាទៅជួយអន្តរគមន៍។ នៅពេលនេះមានពេទ្យយោធាទៅជួយដល់រដ្ឋចំនួន ៦ មានអ្នកជំងឺចូលពេទ្យច្រើន។
តាមសារព័ត៌មាន USA today បានផ្សាយថា រដ្ឋទាំង៦ដែលបានបន្ថែមកម្លាំងពេទ្យយោធា មាន New York, New Jersey, Ohio, Rhode Island, Michigan, និង New Mexico។
ពាក់ព័ន្ធការឆ្លងកូវីដ ១៩ នៅអាមេរិក នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៨១៤,៤៩៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,២៦៩នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦៤,៣៤៤,៦៩៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦៦,៨៨២នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
អ្នកជំនាញកំពូលផ្នែកជំងឺនៃសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានលើកឡើងថា បើទោះបីជាប្រទេសលោក បាននិងកំពុងមើលឃើញករណីឆ្លងជំងឺ COVID-19 កើនឡើងយ៉ាងគំហុក ដោយសារវីរុស Omicron ក្តី ក៏សហរដ្ឋអាមេរិកនៅតែជិតឈានទៅរក កម្រិតនៃការរៀនរស់នៅជាមួយនឹងជំងឺនេះ និងអាចគ្រប់គ្រងស្ថានការណ៍បាន។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥២១លានដូស ក្នុងនោះប្រជាជន ២៤៧.៣២លាននាក់ (៧៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៦.៣៤លាននាក់ (៦២.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៦.២៦លាននាក់ (២៣.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។