ចាប់ខ្លួនប្រុសស្រី ២នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត ៤៥០គ្រាប់ និងក្រាមពណ៌ស ៦កញ្ចប់ ដែលផ្ញើឱ្យស្ត្រីម្នាក់ នៅខេត្តបាត់ដំបង តាមរយៈក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំ
ភ្នំពេញ៖ កាលពីថ្ងៃទី១៣ មករា ម្សិលមិញ សមត្ថកិច្ចជំនាញ បង្ហាញមុខ ករណីចាប់ខ្លួនបុរសម្នាក់ ដែលជាម្ចាស់គ្រឿងញៀន ដែលបានផ្ញើឱ្យស្ត្រីម្នាក់ នៅខេត្តបាត់ដំបង តាមរយៈក្រុមហ៊ុនដឹកជញ្ជូន វិរៈប៊ុនថាំ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (ផ្ញើរតាមក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំ)។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បន្ដស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត និងឆែកឆេរផ្ទះរបស់ជនសង្ស័យរកឃើញ គ្រាប់អាវុធវែងចំនួន០៧គ្រាប់។
បើតាមសមត្ថកិច្ច ជនសង្ស័យឃាត់ខ្លួន រួមមាន ១- ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរតាមអនឡាញ (ជាអ្នកមកទទួលគ្រឿងញៀន ផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង) និង ២- ឈ្មោះ ម៉ម សាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជាម្ចាស់គ្រឿងញៀន ដែលផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង និងក្រុងប៉ោយប៉ែត)។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច រឹបអូសបានវត្ថុតាង រួមមាន ក្រាមពណ៌ស ចំនួន០៤កញ្ចប់ធំល្មម, ម្សៅម៉ត់ពណ៌ស ចំនួន០២កញ្ចប់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២៥០គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២០០គ្រាប់, ទូរស័ព្ទចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។