ធនាគារពិភពលោក អះអាងថា កំណើនសេដ្ឋកិច្ច​វៀតណាម ឆ្នាំ​២០២២ នឹងមាន​៥.៥% ទោះបី​ផ្ទុះ​កូ​វីដ​ក៏ដោយ​!

​ធនាគារពិភពលោក​ឬ World Bank បានចេញ​ផ្សាយ​របាយការណ៍​ពី​ការព្យាករណ៍​កំណើន GDP ឬ ផលិតផល​ក្នុងស្រុក​សរុប​របស់​វៀ​ត​ណា​ម នឹងមាន​កំណើន​៥.៥​ភាគរយ នៅ​ឆ្នាំ​២០២២​នេះ ក្នុង​លក្ខខណ្ឌ​ដែល​ជំងឺ​រាតត្បាត​អាច​គ្រប់គ្រង​បាន​នោះ​។ ជាការ​ព្យាករណ៍ ខណៈដែល​វៀតណាម​នៅតែ​បន្ត​មានការ​ឆ្លង​កូ​វីដ​១៩ ខ្លាំងក្លា​ដដែល ដោយ​ក្នុងនោះ ឆ្លង​ប្រចាំថ្ងៃ ខ្ទង់​ជាង​១​ម៉ឺន​នាក់ ស្លាប់​មិន​ក្រោម​១០០​នាក់​។​

​យ៉ាងណាក៏ដោយ ការព្យាករណ៍​នេះ​តិចជាង​ការព្យាករណ៍​របស់​រដ្ឋា​ភិ​បាល​វៀតណាម ដែលថា នឹងមាន​៦.៥ ឬ ៦.៧​ភាគរយ ខណៈដែល​ធនាគារ​អង់គ្លេស HSBC ថា ៦.៥​ភាគរយ ស្របពេល​ដែលថា Standard Chartered នឹងមាន​៦.៧​ភាគរយ​។​

​ធនាគារពិភពលោក​ថា ផ្នែក​សេវាកម្ម​របស់​វៀតណាម​ត្រូវបាន​គិតថា នឹង​ស្រោចស្រង់​ឡើងវិញ ជាមួយនឹង​ទំនុកចិត្ត​អ្នក​វិនិយោគិន និង​អ្នកប្រើប្រាស់ ហើយ​ឧស្សាហកម្ម​នានា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន ដោយសារតែ​ស្ថិរភាព​មាន​លំនឹង​នៃ​តម្រូវការ ពី​អាមេរិក អឺរ៉ុប និង​ចិន​។ រីឯ ផ្នែក​កសិកម្ម​វិញ ត្រូវបាន​រំពឹងថា នឹងមាន​កំណើន ដូចគ្នា ទៅនឹង​ឆ្នាំ​២០២០ និង ២០២១​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close