ថ្ងៃដំបូង នៃយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ មានពលរដ្ឋជាង២ម៉ឺននាក់បានទៅចាក់
រាជធានីភ្នំពេញបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤មុនគេ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤-២០ ខែមករា សម្រាប់មន្ត្រីរាជការ បុគ្គលិករដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលខណ្ឌទាំង១៤ ខណៈពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើងទៅ នឹងចាប់ផ្តើមពីថ្ងៃទី២១-៣១ ខែមករា ហើយពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចចាក់ពីថ្ងៃទី១-១៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងថ្ងៃដំបូង នៃយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ដែលធ្វើឡើងកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២ គេឃើញមានមនុស្សសរុបចំនួន ២០២០០នាក់បានទៅចាក់។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមមនុស្សទាំងជាង២ម៉ឺននាក់នោះ មានមនុស្ស ៩០នាក់បានចាក់វ៉ាក់សាំងប្រភេទ AstraZeneca(KR), ១៣៤នាក់ បានចាក់វ៉ាក់សាំងប្រភេទ Modena, ៦នាក់ បានចាក់វ៉ាក់សាំង AstraZeneca(Netherlands) និងមនុស្សចំនួន១៩,៩៧០នាក់ បានចាក់វ៉ាក់សាំងPfizer។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ពលរដ្ឋកម្ពុជាចំនួន១៤,៣០៥,២៦៦នាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ ក្នុងនោះមាន១៣,៧០៧,១៤៣នាក់បានចាក់នៅដូសទី២ និងមាន៤,៥០៨,៤៩៩នាក់បានចាក់នៅដូសទី៣ និងចំនួន២០,២០០នាក់បានចាក់ដូសទី៤។ តួលេខទាំងនេះស្មើនឹង៨៩,៤១ភាគរយនៃផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋសរុបចំនួន១៦លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។