ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង ៦​គីឡូក្រាម​

ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​គ្រឿងញៀន បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ដែលជា​ជនជាតិ​ចិន ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កែច្នៃ​ជួញដូរ​គ្រឿងញៀន​ជាង​៦​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​ជា​សាធារណៈ មុននឹង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៣) ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ប្រុ​ញ សាន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ភឹម ច​ន្ទ័​តា​រ៉ា នាយករង​មន្ទីរ ព្រមទាំង​មានការ​សម្របសម្រួល​ពី លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​នៅ​ចំណុច​ផ្ទះជួល​លេខ​១ ផ្លូវ​លេខ​៦ បូរី​សែន​សុខ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លី ស៊ូ​ចៃ (LY XU JAY) ភេទ​ប្រុស ជនជាតិ​ចិន និង​ចាប់យក​វត្ថុតាង អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​សុទ្ធ ៦ គីឡូក្រាម និង​៤០​ក្រាម​, កេ​តា​មីន​(KETAMINE)​ទម្ងន់​សុទ្ធ ១០.២៥​ក្រាម​។ សរុប​សារធាតុ​ញៀន​ទម្ងន់ ៦ គីឡូក្រាម និ​៥០.២៥​ក្រាម​។ ក្រៅពីនេះ​ក៏បាន​រក​ឃេ​ី​ញ​សារធាតុ​ផ្សំ ៩ គីឡូក្រាម និង ៦៦៥​ក្រាម និង​ឧបករណ៍​កែច្នៃ​មួយចំនួនទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close