ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ប្តេជ្ញាចិត្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអភិរក្ស​ជីវៈចម្រុះ នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​

​ក្រសួងបរិស្ថាន អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ និង​អង្គការ The Wildfowl & Wetlands Trust បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអភិរក្ស​ជីវៈចម្រុះ និង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍ នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ គឺជា​តំបន់ដីសើម​ដ៏​មាន​សក្កា​នុព​ល​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទីតាំង​ភូមិសាស្ត្រ ស្ថិតនៅក្នុង​ស្រុក​បុរី​ជលសារ និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២២ នៅ​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ក្រសួងបរិស្ថាន​ក្នុងការ​ស្វែងយល់​អំពី​វឌ្ឍនភាព​គម្រោង​អភិរក្ស​តំបន់ដីសើម នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។​



ឯកឧត្តម​រដ្ឋលេខាធិកា​រ មានប្រសាសន៍ថា​បច្ចុប្បន្ន​យើង​បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​សំខាន់ៗ​ចំនួន ៤ គឺ ការអភិរក្ស​ជីវៈចម្រុះ កា​រលើ​កម្ពស់​ជីវភាព​សហគមន៍ ការអប់រំ​ផ្សព្វផ្សាយ និង​ការសិក្សា​ស្រាវជ្រាវ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា​៖ «​ចំពោះ​ការអភិរក្ស​ជីវៈចម្រុះ យើង​បាន​សាងសង់​ស្នាក់​ការរង​ចំនួន​១​កន្លែង​សម្រាប់​ពង្រឹង​ការ​ល្បាត​នៅក្នុង​តំបន់ សាងសង់​អាងទឹក​ទំហំ ១៦​ហិកតា​ដើម្បី​រក្សារ​ទឹក​ទុកជា​អចិន្ត្រៃយ៍​សម្រាប់​ទ្រទ្រង់​ដល់​ពពួកសត្វ​ស្លាប​ទឹកជា​ពិសេស​សត្វ​ក្រៀល​។ យើង​ក៏បាន​ធ្វើ​ការដាំ​ព្រៃ​លិច​ទឹក​ទំហំ​៥​ហិកតា និង​ដាំ​ម៉ឺ​ម​ផ្លុ​ង​ទំហំ​២៥​ហិកតា ដែលជា​ចំណី​របស់​សត្វ​ក្រៀល និង​បាន​គ្រប់គ្រង​រុក្ខជាតិ​ប្រភេទ​រាតត្បាត ដូចជា​ប្រខ្ល​ប​យក្ស (Mimosa pigra) វ​ល្លិ៍​រាតត្បាត និង​កំប្លោក ជាដើម​។ រីឯ​សកម្មភាព​លើ​កម្ពស់​ជីវភាព​សហគម​ន៍​វិញ យើង​បាន​បង្កើត​ធនាគារ​ក្របី ដោយ​ធ្វើការ​ប្រវាស់​ក្របី​ជាមួយ​ប្រជា​សហគមន៍​មូលដ្ឋាន នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។

ចំណែកឯ ការអប់រំ​ផ្សព្វផ្សាយ យើង​បា​នប​ញ្ជូ​ល កម្មវិធី​អប់រំ​បរិស្ថាន​និង​សត្វ​ក្រៀល​ជាមួយ​សាលារៀន​គោលដៅ​ចំនួន​៣​គឺ​សាលាបឋមសិក្សា​សង្គម​មានជ័យ សាលាបឋមសិក្សា​ក្ដុល​ជ្រុំ និង​សាលាបឋមសិក្សា​បន្ទាយ​ធ្លាយ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​សិក្សា​នុ​សិស្ស​អំពី​សារៈសំខាន់​ជីវៈចម្រុះ ជាពិសេស​សត្វ​ក្រៀល នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។ បន្ថែម​ពីនេះ យើង​ក៏មាន​កម្មវិធី​ផ្សព្វផ្សាយ​តាម​ទម្រង់​ផ្សេងៗ​ទៀត​ដូចជា​ការចាក់​បញ្ចាំង​ខ្សែ​ភាព យន្ត អប់រំ និង​ការចាក់​សំឡេង​ចល័ត នៅក្នុង​តាម​ភូមិ​ជាប់​នឹង​តំបន់ការពារទេសភាព​នេះ​ផងដែរ​។ ដោយឡែក​ការសិក្សា​ស្រាវជ្រាវ​វិញ យើង​បាន​នឹង​កំពុងធ្វើការ​សិក្សា​វាយតម្លៃ​លើ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី និង​ការសិក្សា​អំពី​ប្រព័ន្ធ​ជល​សាស្ត្រ​នៅ​តំបន់​នោះ​»​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បានបញ្ជាក់​ទៀតថា​ដោយសារ​កិច្ច​ខំប្រឹងប្រែង​របស់​យើងទាំងអស់គ្នា ទើប​ធ្វើឱ្យ​តំបន់​នេះ​មានការ​កើនឡើង​នូវ​ប្រភេទ​ជីវៈចម្រុះ​មួយចំនួន ជាពិសេស​សត្វ​ចង្កៀលខ្យង​ដែល​កើនឡើង​រហូតដល់​រាប់ពាន់​ក្បាល និង​មាន​សម្បុក​ពង​កូន​យ៉ាងតិច​ចំនួន​២១៨៦ ក្នុង​ឆ្នាំ​២០២០ ខណៈ​ពួកវា​មាន​ចំនួន​ជាង​១០០​ក្បាល​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០០៣​។ លើសពីនេះទៅទៀត យើង​ឃើញ​មាន​វត្តមាន​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ​ដូចជា​សត្វ​ចាប​ព្រៃវែង និង​ត្រដក់​ធំ​។ ដូច្នេះ​យើង​ត្រូវ​ចូលរួម​បន្តទៀត​ក្នុងការ​ការពារ និង​អភិរក្ស​ជីវៈចម្រុះ​នៅ​តំបន់​នេះ ដោយ​ក្រសួងបរិស្ថាន​ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល នឹងធ្វើ​ការ​ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ក្នុងការ​រៀបចំ​ផែនការ​គ្រប់គ្រង ការបោះបង្គោល​ព្រំប្រទល់ ការចុះបញ្ជី​ដី​រដ្ឋ រៀបចំ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ និង​ការរៀបចំ​ឱ្យមាន​សកម្មភាព​ទេសចរណ៍ធម្មជាតិ ជាដើម ក្នុង​គោលបំណង​ដើម្បី​ធានា​ដល់​និរន្តរភាព​នៃ​ការអភិរក្ស ការប្រើប្រាស់​ដោយ​ឈ្លាសវៃ​នូវ​តំបន់ដីសើម សម្រាប់​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន​នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ​។​

​លោក ស្រី ស៊ុន​លាង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ នៃ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា​ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​រ៉ា​ម​សារ ក្រសួងបរិស្ថាន​តែងតែ​ចូលរួម​អនុវត្ត​នូវ​សសរស្តម្ភ​ទាំង ៣​របស់​អនុសញ្ញា​រ៉ា​ម​សារ ដែលមាន​ការប្រើប្រាស់​តំបន់ដីសើម​ដោយ​ឈ្លាសវៃ ការកំណត់ និង​បង្កើត​តំបន់​រ៉ា​ម​សារ​ថ្មីៗ និង​កិច្ច​សហ​ប្រ​តិ្ត​ប​តិ​ការ​អន្តរជាតិ ជាពិសេស​ការគ្រប់គ្រង​តំបន់ដីសើម​ឆ្លងដែន​។​

លោក ប៊ូ វរ​សក្ស តំណាងឱ្យ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ និង​អង្គការ The Wildfowl & Wetlands Trust បាន​មានប្រសាសន៍ថា យើង​ពិត​ជាមាន​មោ​ទ​ភាព​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន​ក្នុងការ​ការពារ និង​អភិរក្ស​ជីវៈចម្រុះ​នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ​។ យើងខ្ញុំ​ទាំងអស់គ្នា​នេះ នឹង​បន្ត​គាំទ្រ​ការងារ​អភិរក្ស​តំបន់ដីសើម​ដ៏​មាន​សក្តានុពល​នេះ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ ជាមួយគ្នានេះ លោក​បានស្នើ​សុំឱ្យ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បន្ត​ពង្រឹង​ការអនុវត្ត ច្បាប់ និង​ព​ន្លឿ​ន​នីតិវិធី​ក្នុងការ​បែងចែក​តំបន់​គ្រប់គ្រង​នៅក្នុង​តំបន់​នេះ​។​

​លោក ហុង ភារៈ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ មានប្រសាសន៍ថា មន្ទីរ​បរិស្ថាន​ខេត្តតាកែវ បាន​យកចិត្តទុកដាក់ នៅក្នុង​ការពារ​ថែរក្សា​អភិរក្ស​ជីវៈចម្រុះ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ​ដោយ​យើង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ និង​ចូលរួម​សហការ​ជាមួយ​អាជ្ញា​រធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ​នានា​ក្នុងការ​ការពារ អភិរក្ស និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់ និង​តម្លៃ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​អង្គការ​ដៃគូ ដែល​តែងតែបាន​ចូលរួម​សហការ​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​សូម​លើកទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​បន្ត​កៀរគរ​ថវិកា សម្រាប់​អនុវត្ត​សកម្មភាព​នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ ដើម្បី​រក្សា​ទុកជា​ឧ​ត្ត​ម​ប្រយោជន៍ ដល់​កូនចៅ​ជំនាន់​ក្រោយ​។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា ក្រសួង​នឹង​ចាត់វិធានការ​ច្បាប់​ចំពោះ​ជន​ទាំងឡាយណា​ដែល​រំលោភបំពាន ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។ ឯកឧត្តម​ថ្លែងថា គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ ទិញ​លក់ដូរ​ដី​ក្នុង​តំបន់​អភិរក្ស​បានឡើយ ហើយ​ក្រសួង បរិស្ថាន​បដិសេធ​ទទួលស្គាល់​នូវ​លិខិត​ទិញដូរ​ខុសច្បាប់ ទាំងអស់​។

​គួរបញ្ជាក់​ផងដែរ​ថា តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​មាន​ផ្ទៃដី​ទំហំ ៨៣០៥​ហិកតា និង​សម្បូរ​ទៅដោយ​ជីវៈចម្រុះ​ជាច្រើន​ប្រភេទ​ក្នុង​មាន​សត្វ​ស្លាប​ចំនួន​១៣២​ប្រភេទ មច្ឆជាតិ​ចំនួន​១៣៨​ប្រភេទ និង​រុក្ខជាតិ​ទឹក​៣០​ប្រភេទ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close