យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ សម្រេចបានជិត ៧ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ!
ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ដែលជាប្រភេទវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីតាមរយៈយន្តការកូវ៉ាក់ សម្រេចបានជិត ៧ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។
របាយការណ៍ បានបញ្ជាក់ពីការចាក់ដូសជំរុញ (ដូសទី៣) ដែលសម្រេចបានប្រមាណជាង ៤លាន៤សែននាក់ផងដែរ។ ដោយឡែកក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អ្នកចាក់ដូសទី១ ចំនួន ១០ ១៧៦ ៣៥៥ នាក់ ដែលស្មើនឹង ១០១.៧៦% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ ចំនួន ១ ៨១៤ ៣៨៤ នាក់ ដែលស្មើនឹង ៩៩.២៩% នៃក្រុមគោលដៅសរុបជាង ១លាន៨សែននាក់ ហើយកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ ចំនួន ២ ០០៣ ៥៨៥ នាក់ ដែលស្មើនឹង ១០៥.៥៧% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។
សម្រាប់កុមារដែលមាន អាយុ ០៥ឆ្នាំវិញ សម្រេចចាក់បានដូសទី១ ចំនួន ៣១៤ ៥៧៩ នាក់ ដែលស្មើនឹង ១០៣.៣៧% នៃក្រុមគោលដៅសរុបប្រមាណ ៣០ម៉ឺននាក់។
គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួន រួមទាំងជនបរទេស បានចំនួនជាង ១៤លាននាក់ ដែលស្មើនឹងជិត ៩០% នៃប្រជាជនសរុបប្រមាណ ១៦លាននាក់។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤នេះ គឺធ្វើឡើងតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅតាមខេត្តអាចមកទទួលវ៉ាក់សាំងបាន ដោយមូលហេតុពាក់ព័ន្ធនឹងកម្រិតនៃសីតុណ្ហភាព នៃការថែរក្សាវ៉ាក់សាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។