ពីរសប្តាហ៍ដើមឆ្នាំ២០២២ កូរ៉េខាងជើង បាញ់សមីស៊ីល៤លើក ជិត១០គ្រាប់
កូរ៉េខាងជើង បានបង្កើនសកម្មភាពសាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់ គឺរហូតដល់ទៅ៤លើកក្នុងរយៈពេលតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះដើមឆ្នាំ២០២២។ សកម្មភាពរបស់កូរ៉េខាងជើង ចង់បង្ហាញដល់ពិភពលោកដឹងថាប្រទេសនេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារ និងវាយបកទៅលើសត្រូវ។
កម្លាំងទាហានកូរ៉េខាងត្បូង នៅថ្ងៃទី ១៧ខែមករា បានប្រកាសថា កូរ៉េខាងជើង បានបន្តសាកលល្បងមីស៊ីលរយៈចម្ងាយខ្លី ពីរគ្រាប់បន្ថែមទៀតនៅថ្ងៃនេះ ដោយបាញ់ទៅកាន់តំបន់សមុទ្រ ភាគខាងកើតឧបទ្វីបកូរ៉េ។ ការបាញ់សាកល្បងធ្វើឡើងនៅតំបន់ជិតអាកាសយានដ្ឋានទីក្រុង ស៊ូណាន់(Sunan) ក្នុងរដ្ឋធានីព្យុងយ៉ាង។
សារព័ត៌មានក្យូដូរបស់ជប៉ុនបានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើងបានធ្លាក់នៅតំបន់សមុទ្រស្ថិតនៅក្នុងដែនសមុទ្រគ្រប់គ្រងដោយប្រទេសជប៉ុន។ នេះជាករណីបាញ់សាកល្បងលើកទីបួនហើយរបស់កូរ៉េខាងជើង ក្នុងរយៈពេល ជាងកន្លះខែដើមឆ្នាំ២០២២។
អគ្គសេនាធិការចម្រុះកងកម្លាំងអាមេរិកនិងកូរ៉េខាងជើង (JCS) នៃយោធាកូរ៉េខាងត្បូងបានអះអាងថា តាមឆ្មាំការពារដែនសមុទ្រជប៉ុន គ្រាប់មីស៊ីលកូរ៉េខាងជើងបានហោះទៅធ្លាក់ នៅដែនសមុទ្រភាគខាងកើត នៃប្រទេសនេះវិញ។ JCS បានឲ្យដឹងទៀតថា ពេលនេះយោធាកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត កំពុងតែតាមដានសកម្មភាពកូរ៉េខាងជើង ឲ្យបានជាប់ជានិច្ច ដើម្បីត្រៀមលក្ខណៈប្រុងជើងការ មិនឲ្យមានការធ្វេសប្រហែសនោះឡើយ។
សម្រាប់ការបាញ់តេស្ត ៣ លើកមុន គឺលើកទី ១ និង ២ (មានចំនួន២គ្រាប់) សុទ្ធតែជាប្រភេទ គ្រាប់មីស៊ីលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) និងលើកទី ៣ (ចំនួន ២គ្រាប់) គឺជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ដែលត្រូវបានបាញ់ចេញពី «ម៉ាស៊ីនបាញ់មីស៊ីលចល័ត» នៅលើផ្លូវរថភ្លើង។
យ៉ាងណាក៏ដោយ សម្រាប់លើកទី ៤ នេះ គេនៅមិនទាន់អាចដឹង អំពីប្រភេទមីស៊ីលជាក់លាក់នោះឡើយ លុះត្រាណាតែសារព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយព័ត៌មានដើម្បីបញ្ជាក់ដូចសព្វដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។