អភិបាលខេត្ត​សៀមរាប ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សៀមរាប​ឡើងវិញ ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ ឆ្នាំ​២០២២​នេះ​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម ទៀ សីហា អភិបាល​សៀមរាប បាន​មានប្រសាសន៍ថា ជាមួយនឹង​ការបើក​ទំព័រ​ថ្មី នៃ​សេដ្ឋកិច្ចសង្គម​លើ​គ្រប់​វិស័យ វិញ្ញាសារ​សាកល្បង​ធំៗ ដែលជា​ការពិសោធន៍​លើ​កម្លាំង​រើបម្រះ​ចេញពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នោះ គឺ​ពិធី​ឆ្លង​ឆ្នាំ​សកល​បាន​កន្លងផុត និង​កំពុង​ត្រៀម​ការសាកល្បង​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម នាពេលខាងមុខ ប៉ុន្តែ​នៅក្នុង​អំឡុង​ខែកុម្ភៈ ឬ ខែមីនា ខាងមុខនេះ ខេត្តសៀមរាប​នឹងត្រូវ​ប្រារព្ធ​ពី​ធី​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហេ​ដ្ឋា​រចនា​នា​សម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ គោលដៅ​ខាងមុខ គឺ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៧ ហេតុនេះ ក្នុងអំឡុងពេល​នៃ​ថ្ងៃ​ចូល​ឆ្នាំនេះ រដ្ឋបាល​ខេត្តសៀមរាប នឹងត្រូវ​បានរៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​សង្ក្រាន្ត​សៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​ទេសចរ​អន្តរជាតិ​ផងដែរ​។

​ឯកឧត្តម មានប្រសាសន៍​ទៀតថា អ្វីដែល​យើង​ចង់ឃើញ​សម្រាប់​ថ្ងៃ​អនាគត គឺ​ការរីកចម្រើន​ទៅមុខ​ឥតឈប់ឈរ ប៉ុន្តែ​នៅក្នុង​កាលៈទេសៈ​នេះ បើទោះបីជា​យើង​ផ្តោតទៅលើ​បញ្ហា​អ្វី​ក៏ដោយ ក៏​មិនអាច​បំភ្ល​ច​បានជា​ដាច់ខាត គន្លឹះ​រក្សា​និរន្តរភាព​នៃ​ការបើក​ប្រទេស​ឡើងវិញ​នោះ គឺ​ការបន្ត​ដាក់ចេញ​នូវ​ការជំរុញ​ចលនា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន និង ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុ​វត្តិភាព​របស់​រាជរដ្ឋាភិបាល ៣​ការពារ ៣​កុំ គឺ​ស្មើនឹង​ការរក្សា​ជីវិត​របស់ខ្លួន​យើង​។​

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​បន្ថែមថា បញ្ហា​ដែល​សំខាន់​នៅ​ចំពោះមុខ​នេះ ជុំវិញ​ហេ​ដ្ឋា​រចនា​នា​សម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ ដែលជា​ការងារ​អទិភាព ដូច្នេះ​ក្នុងឱកាស​នេះ សូមអ្នក​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អាជ្ញាធរ​ក្រុង ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​បំផុត លើ​ការរៀបចំ​សណ្តាប់ធ្នាប់ ការធ្វើ​ចរាចរណ៍ ការប្រើប្រាស់​ចំណីផ្លូវ ការរៀបចំ​កន្លែង​លក់ដូរ​របស់​ប្រជាពលរដ្ឋ ជាដើម ហើយ​សម្រាប់​ការងារ​បរិស្ថាន អនាម័យ​ស្អាត និង​សេចក្តីថ្លៃថ្នូរ គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងនោះ​ជន​គំរូ​បំផុត គឺ​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ការចូលរួម​ផ្សព្វផ្សាយ និង​ទាំង​ការចូលរួម​អនុវត្ត ។

​គួររំលឹកថា កិច្ចប្រជុំ​នេះ មាន​របៀប​វារ​:​សំខាន់ៗ​ចំនួន​៣ ដែល​ត្រូវ​លើក​យកមក​ធ្វើការ​ពិភាក្សា គឺ ៖ ១- ការងារ​សន្តិសុខ និង សណ្តាប់ធ្នាប់​ទូទៅ ជាពិសេស​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​៣៨​ខ្សែ , ២- ករណី​ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ ក្នុង​ដែន​ព្រៃ​លិច​ទឹក នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប និង ៣.​ស្តាប់​របាយការណ៍​រប​ស់​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ក្រុង ស្រុក​និង បញ្ហា​ផ្សេងៗ និង​សំណូមពរ​មួយចំនួន​ដើម្បី​មាន​វិធានការ​និង​ដំណោះស្រាយ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close