ឃាត់រថយន្ត ២គ្រឿង រឹបអូសបង្គារ ១២តោន មានសារធាតុគីមី នៅខេត្តកំពត
ខេត្តកំពត៖ អាជ្ញាធរខេត្តកំពត បានស្ទាក់ចាប់រថយន្តចំនួន ២គ្រឿង ដែលដឹកបង្គាសង្ស័យមានសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ នៅចំណុចផ្លូវជាតិលេខ៣៣ ត្រង់ចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានឲ្យនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះថា ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ដោយមានអាជ្ញាធរ មន្ត្រីនគរបាល មន្ត្រីកាំកុងត្រូល មន្ត្រីជលផល និងមន្ត្រីមកពីសាលាខេត្តកំពតប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដោយមានការសម្របសម្រួលពី លោក ឈា រីម៉ារ៉ូ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពតផងដែរ។ ចំពោះករណីចាប់រថយន្តខាងលើនេះ សង្ស័យដឹកបង្គាមានសារធាតុគីមីដែលចាក់ចាហួយនៅខួរក្បាលធ្វើឱ្យបង្គានីមួយៗឡើងគីឡូធ្ងន់ភ្នែកជញ្ជីង។
លោកប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានបញ្ជាក់ថា រថយន្តចំនួន ២គ្រឿងនេះបានដឹកបង្គា និងក្ដាមថ្ម ហើយមានមឹកសរុបចំនួន ៦១០កេស ស្មើរនឹង ១២តោន ដែលម្ចាស់នាំមកពីវៀតណាម និងមិនទាន់មានច្បាប់គ្រប់គ្រាន់ទេ។
ការដឹកជញ្ជូនបង្គានេះខាងជំនាញបានរកឃើញថា បង្គានៅក្នុងកេសនីមួយៗ សុទ្ធតែត្រូវបានចាក់ចាហួយនៅខួរក្បាលបង្គា ហើយសមត្ថកិច្ចជំនាញនឹងធ្វើការដុតកម្ទេចចោល។ ការចាក់ចាហួយក្នុងខួរក្បាលបង្គានេះ មានសារធាតុជាតិគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែល ទិញយកទៅបរិភោគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។