អាជ្ញាធរ​ជាតិ​អប្សរា ដាក់ឱ្យ​ដំណើរការ​វង់​ទស្សនា​ថ្មី​នៅ​ប្រាសាទ​បា​យ័ន្ត​

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់ឱ្យ​ដំណើរការ​វង់​ទស្សនា​ថ្មី​នៅ​ប្រាសាទ​បា​យ័ន្ត ក្នុងន័យ​ដើម្បី​សម្រួល​ដល់​រំហូរ​ការចូល​ទស្សនារ​បស់​ភ្ញៀវទេសចរ​ក្នុង​ប្រាសាទ​កុំអោយ​កកកុញ​។​

​លោក សេង សុធា​រ៉ា អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យដឹងថា ការរៀបចំ​វង់​ទស្សនា​ថ្មី​នៅ​ប្រាសាទ​បា​យ័ន្ត​នេះ ដើម្បី​រៀបចំ​រំហូរ​ភ្ញៀវ​តាម​ប្រាសាទ​ឱ្យមាន​លំដាប់លំដោយ ជៀង​វាង​ការកកស្ទះ ដើរ​ទស្សនា​ផ្ទាំង​ចម្លាក់​រឿង​មិន​គ្រប់​ជ្រុងជ្រោយ​។ លោក សុធា​រ៉ា បញ្ជាក់ថា ការរៀប​ចំនេះ ក៏​ក្នុង​បំណង​ឱ្យ​ទេសចរ​បានដឹង​ពី​គុណ​តម្លៃ​ប្រាសាទ​ដែលមាន​ដូចជា​ប្រវត្តិសាស្ត្រ ក្បាច់ចម្លាក់ ក្នុង​រោងទង​ទាំងអស់​ដែល​កន្លងមក​ទេសចរ​តែង​ទស្សនា​រំលង​ទិដ្ឋភាព​ខ្លះ និង​ជួយ​រក្សា​គំលាត​សុវត្ថិភាព​ដល់​ទេសចរ ខណៈដែល​ជំងឺ​កូ​វីដ​១៩ មិនទាន់​ទៅណា​ឆ្ងាយ​។ ការធ្វើ​ដូច្នេះ អាច​កាត់បន្ថយ​ពី​ហានិភ័យ រក្សា​គំលាត​បាន​ច្រើន ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​លោក សុធា​រ៉ា បន្តថា វង់​ទស្សនា​ថ្មី​នេះ​មាន​ជំរើស​ក្នង​ការ​ទស្សនា​ចំនួន​៣​ខ្សែ ដោយ​រៀបចំ​នៅ​ជា​ន់ទី​១ និង​ទី​២ ស្របពេល​ដែលជា​ន់ទី​៣ បាន​បិទ​បណ្ដោះអាសន្ន​ដើម្បី​ជួសជុល​។ ខ្សែ​ទី​១ មាន​រយៈពេល​១​ម៉ោង​និង​៤៥​នាទី ខ្សែ​ទី​២ មាន​រយៈពេល ៥៥​នាទី និង​ខ្សែ​ទី​៣ មាន​រយៈពេល ៤៥​នាទី​។​

​បន្ថែម​ពីនេះ ការរៀបចំ​វង់​ទស្សនា​ថ្មី​នេះ ក៏មាន​ការរៀបចំ​ចំណុច​ទីតាំង​ដែល​ថតរូប​ភាព​ស្អាត​ចំនួន​៤​កន្លែង ដើម្បីឱ្យ​ទេសចរ​ផ្តិត​រូបភាព​ពួកគេ ជាមួយ​ចំណុច​ពិសេស​ទាំងនោះ​។ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​រៀបចំ​ផ្ទាំង​ព័ត៌មាន​ថ្មី​នៅតាម​រោងទង ចំនួន​បី​ភាសា​ផងដែរ មាន​ភាសា​ខ្មែរ អង់គ្លេស និង​ចិន​។​

​លោក​អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ បន្ថែមថា កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់បាន​រៀបចំ​វង់​ទស្សនា​នេះ​នៅតាម​ប្រាសាទ​ផ្សេងៗ​ទៀត​រួចហើយ ដូចជា​ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និង​ប្រាសាទបន្ទាយស្រី​ជាដើម​។ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​កំពុង​គិតគូរ​ក្នុងការ​រៀបចំ​តាម​ប្រាសាទ​ដទៃទៀត​ផងដែរ ក្នុងន័យ​លើក​រៀបចំ​រំហូរ​វង់​ទស្សនា​របស់​ទេសចរ និង​លើក​ពី​គុណ​តម្លៃ​ប្រាសាទ​ទាំងនោះ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close