ពន្ធដារ ពន្យារពេល​អនុវត្ត​ប្រមូល​អាករ​លើ​តម្លៃបន្ថែម (VAT) លើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ដោយ​ប្រកាស​ពី​ការពន្យារពេល អនុវត្ត​ការប្រមូល​អាករ​លើ​តម្លៃបន្ថែម (VAT) ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក រហូតដល់​ខែមេសា ឆ្នាំ​២០២២​។

​តាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការអនុវត្ត​ប្រមូល​អាករ​លើ​តម្លៃបន្ថែម (VAT) ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ ត្រូវធ្វើឡើង​ចាប់ពី​ខែមករា ឆ្នាំ​២០២២​តទៅ ប៉ុន្តែ​ពេលនេះ​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ខែមេសា ឆ្នាំ​២០២២​វិញ​។​ការពន្យារ​ពេលនេះ គឺ​ដើម្បី​ទុក​ពេលវេលា​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ពន្ធ ក្នុងការ​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់លាស់ អំពី​ពន្ធ​នេះ​។​

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា «​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់ អ្នក​ជាប់ពន្ធ អ​និវាស​ន​ជន ដែល​ធ្វើការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្ម​ពាណិជ្ជកម្ម​តាម ប្រព័ន្ធ​អេឡិចត្រូនិក​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដែល​ទទួល​ការផ្គត់ផ្គង់ ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជក​ម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ពី​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន ទាំងអស់​ជ្រាបថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រេច​ពន្យារ​កាលបរិច្ឆេទ​កំណត់​ដាក់ឱ្យអនុវត្ត ប្រកា​សលេខ ៥៤២ សហវ​.​ប្រក ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១ ស្តីពី​វិធាន​និង​នីតិវិធី នៃ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ ដើម្បី​ទុកពេល​វេលា​គ្រប់គ្រាន់ ដល់​អ្នក​ជាប់ពន្ធ​ក្នុងការ​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់លាស់ និង​ត្រៀមខ្លួន​ចូលរួម​អនុវត្ត​ប្រកាស​នេះ​ឱ្យមាន​ភាពរលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២២ តទៅ​»​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បន្ថែមថា ក្នុងអំឡុងពេល​នៃ​ការពន្យារពេល​អនុវត្ត​នេះ អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន ដែល​ធ្វើការ​ផ្គត់ផ្គង់​ទំនិញ ឌីជីថល ឬ​សេវា​ឌីជីថល តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្ម​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ចូលមក​កម្ពុជា ត្រូវ​រួសរាន់​មក​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​សាមញ្ញ (Simplified VAT Registration) ឱ្យបាន​រួចរាល់​ស្រេចបាច់ មុន​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២២​។​

​ក្នុងករណី​ដែល​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន មិនបាន​ចុះបញ្ជី ឬ​មិន​បានមក ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ឬ​មិន​បានដាក់​លិខិត​ប្រកាស និង​បង់ប្រាក់​អាករ​លើ​តម្លៃបន្ថែម ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​ឱ្យបាន​ទាន់ពេលវេលា ត្រូវ​ទទួលរង​ទោសទណ្ឌ ដូច​មានចែង​ក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ជា​ធរមាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close