ករណីឆ្លងអូមីក្រុងនៅទីក្រុងប៉េកាំង មានប្រភពមកពីសំបុត្រផ្ញើមកពីកាណាដា
បើទោះបីក្រុមអ្នកឯកទេសថា ការឆ្លងកូវីដ ១៩ តាមសំបុត្រគឺមានទាប់បំផុត បុន្តែមន្ត្រីរដ្ឋាភិបាលតីក្រុងប៉េកាំង បង្ហាញការសង្ស័យថា ករណីឆ្លងអូមីក្រុងនៅក្នុងសហគមន៍ទីក្រុងប៉េកាំង គឺឆ្លងតាមលិខិតផ្ញើមកពីប្រទេសកាណាដា។
មន្ត្រីទីក្រុងប៉េកាំង បានរកឃើញ អូមីក្រុងនៅលើសំបុត្រដែលផ្ញើមកពីប្រទេសកាណាដា ដែលអ្នកជំងឺ អូមីក្រុងដំបូងគេបង្អស់នៅក្នុងទីក្រុងប៉េកាំង បានកាន់សំបុត្រនោះមុនគេនៅថ្ងៃទី១១ខែមករា។ តាមការលើកឡើងរបស់មន្ត្រីទីក្រុងប៉េកាំងបញ្ជាក់ថា សំបុត្រនោះផ្ញើមកពីកាណាដា ឆ្លងកាត់អាមេរិក មកកាន់ហុងកុង មុនពេលចូលដល់ទីក្រុងប៉េកាំង។ វីរុសអូមីក្រុងត្រូវបានគេរកឃើញនៅជាប់សំបុត្រខាងក្រៅ និង លិខិតនៅខាងក្នុងផងដែរ។
នៅពេលនេះ សេវាប្រៃសណីយ៍របស់ប្រទេសចិនបានបញ្ជាឱ្យបុគ្គលិកត្រូវតែបាញ់សម្លាប់មេរោគរាល់សំបុត្រ សម្ភារៈដែលបានផ្ញើមកពីក្រៅប្រទេស ក្រោយពេលមានករណីឆ្លងកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនៅក្នុងទីក្រុងប៉េកាំង ហើយរកឃើញឆ្លងពីសំបុត្រមកពីប្រទេសកាណាដា។
មន្ត្រីចិន បានឲ្យដឹងថាមានករណីឆ្លងកូវីដ១៩ ជាច្រើនករណី គឺបានឆ្លងពីទំនិញដែលផ្ញើមកពីក្រៅប្រទេស ក្នុងនោះមានស្ត្រីនៅទីក្រុងប៉េកាំងម្នាក់ ដែលមិនមានប្រវត្តចេញទៅក្រៅឡើយតែបានឆ្លងកូវីដ១៩ ។
នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី១៧ខែមករា សេវាប្រៃសណីយ៍ ចិន បានស្នើដល់បុគ្គលិក ប្រៃសណីយ៍ទាំងអស់ ត្រូវបាញ់ថ្នាំសម្លាប់មេរោគ រាល់សំបុត្រផ្ញើមកពីបរទេស។ ជាមួយគ្នានេះដែរ បុគ្គលិក ដឹកជញ្ជូនគឺត្រូវតែចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ស្កាត់ការឆ្លង ។
កាលពីថ្ងៃទី១៧ខែមករា ចិនបានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១២៧ នាក់ គឺថយចុះបើប្រៀបធៀបនឹងមួយថ្ងៃមុន ដែលមានករណីឆ្លង១៦៣ ករណី ។ គិតត្រឹមថ្ងៃទី ១៧ខែមករា ចិនមានករណីឆ្លងកូវីដ១៩ សរុប ១០៥.២៥៨នាក់ និងស្លាប់ ៤.៦៣៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។