ក្រសួង​អប់រំ ពង្រឹង​វិធានការសុវត្ថិភាព​សុខភាព នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ស្តីពី​ការពង្រឹង​វិធានការ សុវត្ថិភាព​សុខភាព នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ​។

​ក្នុង​សេចក្ដីណែនាំ​នោះ បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ប្រភេទ​ដែល​តា ឬ​អូ​មី​ក្រុង នៅក្នុង គ្រឹះស្ថានសិក្សា សាធារណៈ និង​ឯកជន ក្រសួង​អប់រំ សូម​ធ្វើ​ការណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ខណ្ឌ និង​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម​៖

១៖ ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​, ការពាក់​ម៉ាស់​ការពារ ឲ្យ​បាន​ខ្ជាប់​ខ្លួន និង​ការរក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ម៉ឺងម៉ាត់​
២៖ ត្រួតពិនិត្យ​សុខភាព និង​អាកា​រៈ របស់​គ្រូបង្រៀន បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ឲ្យ​បានជា​ប្រចាំ​ក្នុងករណី​មាន​កម្តៅ​លើសពី​៣៧,៥​អង្សា​សេ ឬ​មាន​រោគសញ្ញា​ដូចជា​ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម​ត្រូវ​ណែនាំ ឲ្យ​ទៅរក​សេវា​សុខាភិបាល​សមស្រប និង​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​
​រហូត​បាន​ធូរស្រាល​សុខ​ភាពជា​ប្រក្រតី ទើប​ត្រឡប់មក​បំពេញភារកិច្ច និង​បន្ត​ការសិក្សា​ដោយផ្ទាល់​នៅ​គ្រឹះស្ថានសិក្សា​វិញ​
៣៖ អនុវត្ត​ការបង្រៀន និង​រៀន​តាម​បណ្តុះ (​សិស្ស​មិន​លើសពី ២០ នាក់​) និង​ឆ្លាស់​វេន ចំពោះ​គ្រឹះស្ថានសិក្សា​ដែល មាន​ចំណុះ​សិស្ស​ច្រើន រួម​ជាមួយនិង​ការបង្រៀន​និង​រៀន​តាម​អន​ឡាញ​។​

​ទទួល​សេចក្តីណែនាំ​នេះ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​គ្រប់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ខណ្ឌ និង​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន ដើម្បី​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close