កំពង់ផែ​ទេសចរណ៍​កែប​-​កោះទន្សាយ អាច​ទទួល​នាវា​ទេសចរណ៍​ធំៗ ៣​គ្រឿង និង​ទូក​ទេសចរណ៍​តូចៗ​មួយចំនួន

​កែប​៖ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍ កែប​-​កោះទន្សាយ ក្រុងកែប ខេត្ត កែប ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ទេព យុ​ទ្ធី សមាជិក​ព្រឹទ្ធសភា​ប្រចាំ​មណ្ឌល​ភូមិភាគ​ទី​៥ ឯកឧត្តម ងួន ប៊ៀ​ន អ្នកតំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​កែប ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​។

​ថ្លែង​ក្នុង​របាយការណ៍​គោរព​ជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី និង​អង្គពិធី​ទាំងមូល ឯកឧត្តម​អភិបាល នៃ​គណៈ អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង ស្តារ និង​ជួសជុល​ឡើងវិញ​នូវ ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួមមាន​៖ ការចាក់​បេតុង​កៅស៊ូ​(AC) និង​កៅស៊ូ​ពីរ​ស្រទាប់​ស្តើង (DBST)​ផ្លូវ​ប្រប មាត់សមុទ្រ ការពង្រីក​ផ្លូវជាតិ​លេខ​៣៣​អា ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ចាក់​ខ្សាច់​បន្ថែម​ថ្មី​នៅ​ឆ្នេរ​កំសាន្ត ការរៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ការធ្វើ​អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់​នៅ​ឆ្នេរ​លេង​ទឹក នៅ​ផ្សារ​ក្តាម មាន​អគ្គិសនី​ប្រើប្រាស់​២៤​ម៉ោង​លើ​២៤​ម៉ោង មាន​ទឹកស្អាត​ប្រើប្រាស់ ការរៀបចំ​សួនច្បារ​សាធារណៈ ដាក់​បង្គោល​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ ដឹកនាំ​បំផុស​ធ្វើ​អនាម័យ​បរិស្ថាន លើកកម្ពស់​សោភ័ណភាព​សាធារណៈ ធ្វើឱ្យ​ខេត្ត​មាន​ភាព​ស្អាត និង​ស្រស់បំព្រង​គ្រប់​រដូវ​កាល ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បន្ថែមទៀត​។​

​ថ្លែង​ទៅកាន់​អង្គពិធី​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន នាំមក​នូវ​ការបញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​បានធ្វើឱ្យ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និង កំពង់ផែ និង​មានការ​ទទួលស្គាល់ និង​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក និង​បាន​បន្ថែមទៀតថា​៖ សន្តិភាព​នេះ​បាន​នាំឱ្យ​យើងទាំងអស់គ្នា មានលទ្ធភាព​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ជាពិសេស​សមិទ្ធផល​ដែល​បាន​លេចចេញ​ជា​រូបរាង​ឡើង​នាពេលនេះ ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ទៀត ដែល​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​បានផ្តល់​ជា​ចំណងដៃ​ជូន​ដល់​ប្រជាពលរដ្ឋ​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា​៖ នៅពេល​ខាងមុខ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​សាងសង់​កែលម្អ​ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ ៣៣ ផ្លូវជាតិ​លេខ​៤១ ដើម្បី​ធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា និង​ត​ភ្ជាប់​ខេត្ត​កែប​ជាមួយ​ផ្លូវជាតិ លេខ​៣ ដែល​ទើបបាន​សាងសង់​ចប់​ជា​ស្ថាពរ​នាពេល​ថ្មីៗ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ការដឹកជញ្ជូន កសិផល ឧស្សាហ​ផល ជាពិសេស ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យមក​ទស្សនា​ខេត្ត​កែប កាន់តែច្រើន​ថែមទៀត ដែល​នឹង​ធ្វើឱ្យ​កំពង់ផែ​ទេសចរណ៍​កែប​-​កោះទន្សាយ​នេះ មាន​សកម្មភាព​កាន់តែ​មាន​ភាព​មមា​រញឹក​។​

​សូម​ជម្រាបជូន​ថា​៖ កំពង់ផែ​ទេសចរណ៍​កែប​-​កោះទន្សាយ​នេះ​សាងសង់​ដោយ​អគ្គនាយកដ្ឋាន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន មាន​រចនាបទ​ទំនើប អាច​ទទួល​នាវា​ទេសចរណ៍​ធំៗ​ចំនួន​៣​គ្រឿង ដែល​ក្នុង​១​គ្រឿង អាច​ផ្ទុក​អ្នកដំណើរ​ចំនួន​១៥០​នាក់ និង​ទូក​ទេសចរណ៍​តូចៗ​មួយចំនួន ក្នុង​ពេលអនាគត​កំពង់ផែ​នេះ​នឹង​អាច​ទទួល​នាវា​ទេសចរណ៍​ច្រើន​ជាងនេះទៀត​នៅពេល​ជីក​ស្តារ​ឃ្លង​ផ្លូវ​នាវា​បាន​ជ្រៅ​បន្ថែមទៀត​។
​កំពង់ផែ​នេះ​ត្រូវបាន​សាងសង់​លើ​ទីតាំង​កំពង់ផែ​ចាស់​មាន​ផ្ទៃក្រឡា​សរុប ៣៤៧០​ម៉ែត្រការ៉េ និង​មាន​ផ្លូវ​បេតុង​ចូល​ផែ​ទំហំ ១៣​ម​x១០០​ម និង​អគារ​រដ្ឋបាល​ទំហំ​១០​ម​x៣០​ម ដោយ​រួមបញ្ចូល​ទាំង​អគារ​រដ្ឋបាល​លក់​សំបុត្រ និង​អគារ​អ្នកដំណើរ​រង់ចាំ និង​បាន​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន ៤៨៨០​លាន​រៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០​ដុល្លារ​អាមេរិក​។​

​កំពង់ផែ​ទេសចរណ៍​កែប​-​កោះទន្សាយ​នេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់សេវា​ដឹកជញ្ជូន​ជូន​អតិថិជន ក៏ដូចជា​បង្កើត​ការងារ​ធ្វើ និង​បង្កើន​ជីវភាព​រស់​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​កែប​ទាំងមូល មាន​ទីតាំង​ឋិត​ក្នុងភូមិ​សាស្ត្រ​ឆ្នេរ ប្រកបដោយ​សម្រស់​ធម្ម​ជាតិ​ដ៏​ស្រស់ត្រកាល ជាមួយនឹង​ការកែលម្អ​ក្រុង និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន​បន្ថែម​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close