រកឃើញករណី​ឆ្លង​អូ​មី​ក្រុង​ នៅក្នុង​សហគមន៍​ជា​លើកដំបូង​ នៅ​វៀតណាម​

​កន្លងមក​វៀតណាម​ក៏បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ ១៩ បំប្លែង​ថ្មី​ជាច្រើន ប៉ុន្តែ​ជា​ករណី​នាំចូល​។ ប៉ុន្តែ​នៅពេលនេះ​វៀតណាម​បាន​រកឃើញ​ករណី​ឆ្លង​អូ​មី​ក្រុង​នៅក្នុង​សហគមន៍​បាន​បង្កើន​ក្តីបារម្ភ​យ៉ាងខ្លាំង​ពី​ករណី​ឆ្លង​រាលដាល​កើនឡើង​ខណៈ​ករណី​ឆ្លង​កូ​វីដ​១៩​នៅ​វៀតណាម​ស្ថិតនៅ​កម្រិត​ខ្ពស់​នៅឡើយ​ទេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម នៅ​ថ្ងៃ​ពុធ​នេះ បាន​រាយការណ៍​ឱ្យដឹងថា ការឆ្លង​រាតត្បាត​នៃ​វីរុស COVID-19 បំប្លែង​ថ្មី Omicron ក្នុង​សហគមន៍ ត្រូវបាន​រកឃើញ​នៅ​ជា​លើកដំបូង នៅ​ប្រទេស​វៀតណាម ខណៈ​អាជ្ញាធរ​សុខាភិបាល​ប្រទេស​អាស៊ាន​មួយ​នេះ បាននិងកំពុង​ប្រឹងប្រែង​ដាស់តឿន​ឱ្យ​ប្រជាជន បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​សារព័ត៌មាន​រដ្ឋ​វៀតណាម ទៀង ហ្វុ​ង (Tien Phong) ដែល​យោងតាម​ប្រភពពី​អាជ្ញាធរ​សុខាភិបាល​វៀតណាម បាន​ចុះផ្សាយ​ថា ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣ ដែល​ត្រូវ​ពិនិត្យឃើញថា​ជា​ករណី Omicron កាលពី​យប់​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ គឺ​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​ហូជីមិញ កាលពី​ចុង​សប្តាហ៍​មុន​។ កន្លងមក​វៀតណាម ក៏បាន​រកឃើញ​ករណី​ឆ្លង Omicron ជាង​៧០​នាក់​ផងដែរ ប៉ុន្តែ​ក្នុងចំណោម​អ្នក​មកពី​បរទេស ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។​

​គួរ​បញ្ជាក់ថា មកទល់ពេលនេះ វៀតណាម​បាន​កត់ត្រា​ករណី​ឆ្លង COVID-19 សរុប​ជាង​២​លាន​នាក់ និង​ស្លាប់​ជិត​៣៦,០០០​នាក់​។ ចំណែកឯ ការចាក់​វ៉ាក់សាំង​វិញ មនុស្ស​ជាង​៧០​ភាគរយ ក្នុងចំណោម​ប្រជាជន​សរុប​ប្រមាណ​៩៨​លាន​នាក់ របស់​វៀតណាម បានទទួល​ការចាក់​គ្រប់​ពីរ​ដូ​ស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close