អន្ទាក់ជាង ៦ម៉ឺន ត្រូវដោះចេញពីតំបន់ការពារធម្មជាតិ នៅឆ្នាំ២០២១
«ក្នុងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃនៅកម្ពុជា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារ ធម្មជាតិបានដោះអន្ទាក់បានចំនួន ៦១ ៦១១ អន្ទាក់ពីក្នុង តំបន់ការពារធម្មជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃមិន ឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាបរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ ២០២១ កន្លងទៅនេះមានចំនួនកើនឡើងប្រមាណជាង ២០% បើ ប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២១ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ អន្ទាក់ដែលត្រូវបាន ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថាជា ឃាតកលាក់មុខសម្លាប់សត្វព្រៃ ព្រោះមានប្រភេទអន្ទាក់ឆក់ ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទផ្សេងៗទៀត។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា អន្ទាក់នៅតែជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វជើងចំពាម ហើយមិនមែនត្រឹម តែកម្ពុជាទេមានបញ្ហាប្រឈមនឹងវត្តមានអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ គឺតំបន់អភិរក្សនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ីទទួលរងនូវការគំរាមកំហែង ដោយសារតែអន្ទាក់។ អន្ទាក់ជាច្រើនលានត្រូវបានគេដឹងថាបានដាក់នៅក្នុងតំបន់អភិរក្សក្នុងប្រទេសវៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «កត្តាដែលគំរាមកំហែងខ្លាំងចំពោះសត្វព្រៃ គឺអន្ទាក់ដែលជាឃាតកលាក់មុខ។ ដោយសារតែសម្ភារសម្រាប់ធ្វើអន្ទាក់មានលក់នៅលើទីផ្សារ និងមានតម្លៃថោក ចំនួនអន្ទាក់ត្រូវបានប៉ាន់ស្មានថា មានការកើនឡើង ហើយនៅអាស៊ីមានអន្ទាក់ ប្រមាណ ជាង ១២លានអន្ទាក់ត្រូវបានលួចដាក់ក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី»។ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងកោតសរសើរនិងថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស អង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួមដោះអន្ទាក់ចេញពីព្រៃធម្មជាតិ។
ឯកឧត្តមបានថ្លែងថា មន្ត្រីឧទ្យានុរក្សមិនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់ បទល្មើសបំផ្លាញធនធាន ធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញព្រមទាំងបំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។ សត្វព្រៃជាច្រើនក្បាលត្រូវបានសង្គ្រោះនៅនឹងកន្លែងនិងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយចំពោះសត្វព្រៃ ដែលរងរបួស ឬសុខភាពមិនអំណោយផល ក្រុមមន្ត្រីឧទ្យានុរក្សអាចទាក់ទងក្រុមមន្ត្រីជំនាញពេទ្យសត្វដើម្បី យកមកថែរក្សានិងព្យាបាលឱ្យជាសះស្បើយ មានសុខភាពល្អ មុននឹងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ។ ក្រៅពីអន្ទាក់ដែលបានបង្កគ្រោះថ្នាក់សម្លាប់សត្វព្រៃ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃប្រើប្រាស់ សម្រាប់ការប្រមាញ់សត្វព្រៃចំនួន ៧៥៨ ដើមត្រូវបាន ដកហូតនៅឆ្នាំ ២០២១។ បរិមាណនេះប្រមាក់ប្រហែលឆ្នាំ ២០២០ ដែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការកើនឡើងនៃកាំភ្លើងកែច្នៃក៏ជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ហើយកាំភ្លើងកែច្នៃនេះ គឺជាអាវុធដែលគ្រោះថ្នាក់បំផុតផងដែរ។ លើសពីនេះ សត្វឆ្កែប្រដេញ ក៏ជាមូលហេតុនាំឱ្យប៉ះពាល់ដល់សត្វព្រៃដែរ។ ប្រជាជនមួយចំនួនបានចិញ្ចឹមសត្វឆ្កែប្រដេញជាហ្វូង ដើម្បីបណ្តើរចេញទៅប្រមាញ់សត្វព្រៃ ដែលជាកត្តារួមផ្សំធ្វើឱ្យចំនួនសត្វព្រៃត្រូវបានថយចុះដោយការប្រមាញ់ និង ស្លាប់ដោយសារតែជំងឺឆ្លងពីឆ្កែស្រុក។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ដើម្បីបញ្ឈប់ការបរបាញ់សត្វបញ្ឈប់ ការដាក់អន្ទាក់ចាប់សត្វ សូមប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខ នឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។