កម្ពុជា ជាសង្គមមួយដែលសាសនាណា ក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសន៌
«សង្គមកម្ពុជាជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមិនមានច្រើនទេ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម សាយ សំអាល់ បញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាមានសង្គមមួយដែលមានពហុវប្បធម៌។ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិបត៍សាសនា ទៅតាមជំនឿរៀងៗខ្លួន។ ការគោរពព្រះជារឿងសំខាន់ មិនថាសាសនាណាក៏ដោយ ព្រោះព្រះនៅក្នុងសាសនា គឺអប់រំមនុស្សឱ្យសាងអំពើល្អ គិតល្អ និងជាពន្លឺបំភ្លឺជីវិតដល់អ្នកមានជំនឿ។
ឯកឧត្តម បានលើកឡើងទៀតថា សាសនាក៏មានតួនាទីសំខាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សឆ្ពោះទៅកាន់ផ្លូវត្រូវក្នុងខ្សែជីវិតរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា អមដំណើរឯកឧត្តម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តមអភិបាលក្រុង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជាច្រើនរូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។