រយៈពេល៣ថ្ងៃ! មន្ត្រីជំនាញ ស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រ ៥គ្រឿង មានសារធាតុគីមីជាង ៦តោន នៅខេត្តកំពត
ខេត្តកំពត៖ គិតចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. ប្រចាំខេត្តកំពត បានចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿង នៅមាត់ច្រកព្រែកចាក នៃខេត្តកំពត ដោយរថយន្ត ២គ្រឿង ចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀត បន្តរកឃើញ និងចាប់បាន ក្នុងថ្ងៃទី១៩។
យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្ត្រីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។
បង្គាទាំងអស់ ត្រូវបានមន្ត្រីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន ពីមន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកំពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។