កម្ពុជាសម្តែងការព្រួយបារម្ភចំពោះការប៉ះទង្គិចគ្នាដោយអាវុធនៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ ប្រទេសមីយ៉ាន់ម៉ា
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ (២០ មករា) បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងនូវការព្រួយបារម្ភ ចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អំពើហិង្សាដែលនៅតែបន្តកើតមាននេះ កំពុងធ្វើឲ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជាយល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់នូវរាល់សកម្មភាពដែលហិង្សា អនុវត្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនាដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញនូវសន្តិភាពនៅក្នុងប្រទេសដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។