វ៉ាក់សាំង​ជាង​១៧២,៧​លាន​ដូ​ស បាន​ចាក់​ជូន​ពលរដ្ឋ នៅក្នុង​ប្រទេស​វៀតណាម​

​ក្នុង​ថ្ងៃទី ១៩ ខែមករា វៀតណាម​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ សរុប​ជាង ១​លាន​ដូ​ស ក្នុង​រយៈពេល ២៤​ម៉ោង សរុប​មាន​វ៉ាក់សាំង​រហូតដល់​ទៅ ១៧២,៧​លាន​ដូ​សបាន​ចាក់​ជូន​ពលរដ្ឋ​នៅក្នុង​ប្រទេស​នេះ​។ ក្នុងចំណោម​វ៉ាក់សាំង​ទាំងនោះ មាន​អ្នក​ចាក់​មួយ​ដូ​ស មាន​ជាង​៧៨,៧​លាន​នាក់ ចាក់​គ្រប់​ពីរ​ដូ​សមាន​ជាង​៧៣​លាន​នាក់ និង​ចាក់​ដូ​ស​ជំរុញ​មាន​ជាង ២០ លាន​នាក់ ។​ ប៉ុន្តែ​ករណី​ឆ្លង​កូ​វីដ ១៩ នៅក្នុង​ប្រទេស​វៀតណាម​បន្ត​កើនឡើង​ខ្ពស់​ដដែល ។ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​១៦,៧១៥​ករណី​បន្ថែមទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​រដ្ឋធានី​ហាណូយ​ដែល​បច្ចុប្បន្នកំពុង​ប្រែក្លាយជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ បាន​រ៉ាប់រង​សម្រាប់​ករណី​ឆ្លង​ថ្មី​ថ្ងៃនេះ​ចំនួន ២,៨៨៤ ករណី ខណៈ​ហូជីមិញ​បាន​រាយការណ៍ ចំនួន​២៤៥ ករណី​។ ចំណែក​ខេត្ត​ដែលមាន​ករណី​ឆ្លង​ច្រើន​ដែរនោះ​គឺ​រួមមាន​ដូចជា ខេត្ត Đà Nẵng មាន​ចំនួន​៩៨៣​ករណី​, ខេត្ត Hải Phòng ៧២២ ករណី និង​ខេត្ត Bến Tre ៦១៤​ករណី​។​

​ក្នុង​របាយការណ៍​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ​ក្រសួងសុខាភិបាល​វៀតណាម ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​១៥២​នាក់​បន្ថែមទៀត​ផងដែ​រ​។​

​សរុប​មកវិញ គិត​ត្រឹម​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ២,០៩៤,៨០២​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ១,៧៩៤,៩២៤​នាក់ ចំណែក​អ្នកស្លាប់​សរុប​ចំនួន ៣៦,២៦៦​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close