មហោស្រពភាពយន្តបើកសម្ពោធជាផ្លូវការ ចាក់បញ្ចាំងភាពយន្ត៧រោងកុននៅរាជធានីភ្នំពេញ
មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) បានរៀបចំប្រព្រឹតិ្តឡើងកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដែលមានការចូលរួមពីគណៈអធិបតិយ សមិទ្ធិករភាពយន្តជាតិ និងអន្ដរជាតិបង្ហាញពីទេពកោសល្យ ដ៏អស្ចារ្យបំផុតរបស់ពួកគេជូនដល់សាធារណជន តាមរយៈភាពយន្តខ្នាតខ្លីរបស់ខ្លួន។
លោក គាំ វុត្ថា ប្រធានមហោស្រពភាពយន្តខ្លីចតុមុខសម្រាប់ឆ្នាំ ២០១៨នេះ បានបញ្ជាក់ថា ការសម្ភោធមហោស្រពភាពយន្តខ្លីចតុមុខនៅឱកាសនេះ គឺដើម្បីចាក់បញ្ចាំងភាពយន្តខ្លីចំនួន ៧៧ចំណងជើង មានទាំងភាពយន្តខ្លីក្នុងស្រុក និងរឿងបរទេសចំនួន ៤ថ្ងៃជាប់គ្នា គឺចាប់ពី ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។ គួររំលឹកដែរថាមហោស្រពភាពយន្តខ្លីចតុមុខលើកទី៧ បានបើកទទួល យក ភាពយន្តខ្នាតខ្លី តាំងពី ដើមឆ្នាំ ២០១៨មកម្លេះ ដោយមានសមិទ្ធិករដាក់ភាពយន្តខ្លីមកមហោស្រពចំនួន ៣០១ចំណងជើង ទាំងក្នុង និងក្រៅប្រទេស។
បន្ទាប់ពីសំរិតសំរាំងយករឿងដែលមានគុណភាព អត្ថន័យ និងអត្ថរសរួចមក មហោស្រពបានជ្រើសរើសភាពយន្តខ្លីចំនួន៧៧ចំណងជើង ដើម្បីចាក់បញ្ចាំង និងប្រកួត។ ក្រៅពីរីករាយទស្សនារឿងទាំងនេះ នៅតាមរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ ទស្សនិកជន ក៏អាចចូលរួមបោះឆ្នោតផ្តល់ពិន្ទុសម្រាប់រឿងដែលខ្លួនចូលចិត្ត។
លោកមានសេចក្តីសោមនស្សរីករាយ នៅពេលព្រឹត្តិការណ៍ធំមួយដែលមានលោកជាអ្នករៀបចំផ្ទាល់បានដំណើរការ ហើយនឹងមានខ្សែភាពយន្តជាច្រើនទៀត នឹងត្រូវចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៧ រហូតដល់ថ្ងៃទី ៣០ ខែតុលានេះតទៅ។
សូមបញ្ជាក់ថាភាពយន្ត ទាំង៧៧នេះ នឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តដូចជា រោងភាពយន្ត មេជ័រ ស៊ីណេផ្លិចបាយស្មាត (Major Cineplex by smart) រោងភាពយន្តលេជេន (Legend Cinema) និងរោងភាពយន្តប្រាមស៊ីណេផ្លិច (Prime Cineplex) និងមជ្ឈមណ្ឌលបណ្តុះភាសាបារាំងនៅកម្ពុជា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។